សេចក្ដីថ្លែងការណ៍រួមរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហោ​ សេងគ្រី​៖

ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានអោយដឹងថាពីរដ្ឋធានីប៉េកាំងថ្ងៃទី២៣ខែមករា
ឆ្នាំ ២០១៩ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិនបានចេញសេចក្ដីថ្លែងការណ៍រួមមួយដែលមានខ្លឹមសារដូចតទៅ៖
១. តបតាមការអញ្ជើញរបស់ឯកឧត្ដម លី ខឺឈាង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិនពីថ្ងៃទី ២០ ដល់ ២៣ មករា ២០១៩ ។ ក្នុងឱកាសទស្សនកិច្ចនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានជួបពិភាក្សាជាមួយឯកឧត្ដម ស៊ី ជីនភីង ប្រធានាធិបតី និង ឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានជួបសម្តែងការគួរសមជាមួយឯកឧត្តម លី ចាន់ស៊ូ ប្រធានសភាតំណាងប្រជាជនចិន និងឯកឧត្តម វ៉ាង យ៉ាង ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន ។
២. ភាគីកម្ពុជា វាយតម្លៃខ្ពស់ចំពោះសមិទ្ធផលធំធេងជាច្រើនតាមរយៈកំណែទម្រង់ និងការបើកទូលាយរបស់ប្រទេសចិន និងសូមជូនពរដោយស្មោះចំពោះភាគីចិន ក្រោមការដឹកនាំរបស់គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន ដែលមានឯកឧត្តមអគ្គលេខាធិការ ស៊ី ជីនភីង ជាស្នូលសំខាន់ក្នុងការដឹកនាំនឹងសម្រេចបានដោយជោគជ័យនូវគោលដៅសតវត្សទំាងពីរ។ ភាគីកម្ពុជាជឿជាក់ថាប្រជាជនចិននឹងអភិវឌ្ឍប្រទេសចិនទៅជាប្រទេសសង្គមនិយមដ៏ទំនើប រុងរឿង ខ្លាំងក្លា ប្រជាធិបតេយ្យ វប្បធម៌ជឿនលឿន សុខដុមរមនា និងស្រស់ស្អាត ។
ភាគីចិនបានលើកជាថ្មីពីការគោរពចំពោះឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា និងបានបញ្ជាក់ឡើងវិញពីការគាំទ្រចំពោះគោលនយោបាយឯករាជ្យ និងការអភិវឌ្ឍរបស់កម្ពុជាស្របទៅ នឹងផលប្រយោជន៍របស់ប្រជាជនកម្ពុជា ។ ភាគីចិនសូមជូនពរដោយស្មោះឲ្យប្រជាជនកម្ពុជាបន្ដសម្រេចបាននូវសមិទ្ធផលថ្មីៗ និងធំធេងក្នុងការអភិវឌ្ឍជាតិ ក្រោមម្លប់ព្រះបារមី ព្រះមហាស្វេតឆ័ត្រ
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលថ្មីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រមុខ ។
៣. ភាគីទាំងពីរបានឯកភាពថា មិត្តភាពជាប្រពៃណី និងជាប្រវត្តិសាស្ត្រដ៏យូរអង្វែងកម្ពុជា-ចិន គឺជាសម្បត្តិដ៏មានតម្លៃរួមនៃប្រជាជនយើងទាំងពីរ ។ កាលពីឆ្នាំកន្លងទៅ ភាគីទាំងពីរបានកំណត់យកខួប
អនុស្សាវរីយ៍លើកទី៦០នៃការបង្កើតទំនាក់ទំនងការទូត ជាឱកាសដើម្បីពង្រីកការផ្លាស់ប្តូរទំនាក់ទំនងរវាងប្រជាជន និងប្រជាជន និងធ្វើឲ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ ដែលនាំមកនូវផលប្រយោជន៍សំខាន់ៗ កាន់តែច្រើនដល់ប្រជាជនទំាងពីរ និងចូលរួមចំណែកជាវិជ្ជមានដល់សន្តិភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក ។ នៅក្នុងសករាជថ្មីនេះ ភាគីទាំងពីរនឹងលើកកម្ពស់បន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រៀបចំផែនការសកម្មភាពដើម្បីកសាងសហគមន៍វាសនារួមដែលមានអត្ថន័យជាយុទ្ធសាស្ត្ររវាងកម្ពុជា និងចិន ផ្តោតលើកិច្ចសហប្រតិបតិ្តការ នយោបាយ សន្តិសុខ សេដ្ឋកិច្ច និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន និងជំរុញឲ្យមានការអភិវឌ្ឍធំធេងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី ក្នុងរយៈពេល ៦០ ឆ្នាំខាងមុខ ។
៤. ភាគីទាំងពីរបានឯកភាពគ្នាបន្តការទាក់ទងកម្រិតខ្ពស់កាន់តែជិតស្និទ្ធ និងបន្តរក្សាការប្រាស្រ័យទាក់ទងគ្នាឲ្យបានទាន់ពេលវេលាលើបញ្ហាសំខាន់ៗជាយុទ្ធសាស្ត្រ ។ ភាគីទាំងពីរនឹងបង្កើនការផ្លាស់ប្តូរទស្សនកិច្ច និងបទពិសោធន៍រវាងរដ្ឋាភិបាល សភា គណបក្ស សង្គមស៊ីវិល និងអាជ្ញាធរមូលដ្ឋាននៃប្រទេសទាំងពីរ ។ ភាគីទាំងពីរនឹងប្រើប្រាស់ឲ្យបានពេញលេញនូវតួនាទីរបស់គណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលរវាងកម្ពុជា-ចិន ដើម្បីជំរុញការសម្របសម្រួលកិច្ចសហប្រតិបត្តិការជាក់ស្តែងលើគ្រប់វិស័យ ។
៥. ភាគីទាំងពីរបានឯកភាពគ្នាបង្កើនការផ្លាស់ប្ដូរ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យការទូត ការពារជាតិ ការអនុវត្តច្បាប់ និងសន្តិសុខ ។ ភាគីទាំងពីរនឹងអនុវត្តឲ្យបានពេញលេញនូវកិច្ចព្រមព្រៀងស្ដីពីការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងដំណាក់កាលថ្មីរវាងក្រសួងការបរទេសទាំងពីរ លើកកម្ពស់កិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងការបណ្តុះបណ្តាលយោធា ការអប់រំស្ថាប័ន សេវាសុខាភិបាល និងការដឹកជញ្ជូន ធ្វើឲ្យ
ស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស បទលើ្មសតាមប្រព័ន្ធអ៊ីនធើណេត ភេរវកម្ម ព្រមទាំងប្រតិបត្តិការប្រឆាំងគ្រឿងញៀន ការកសាងសមត្ថភាពក្នុងការអនុវត្តច្បាប់ និងការស៊ើបអង្កេត ។ ភាគីទាំងពីរឯកភាពគ្នាកំណត់យកឆ្នាំ ២០១៩ ជាឆ្នាំនៃ
កិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងកម្ពុជា និងចិន ។
៦. ភាគីទាំងពីរឯកភាពគ្នាពន្លឿនការបន្ស៊ីគ្នារវាងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ និងយុទ្ធសាស្ត្រចតុកោណនិងអនុវត្តឲ្យបានពេញលេញនូវចំណុចគោលនៃផែនការរបស់រដ្ឋាភិបាលទាំងពីរ ដើម្បីរួមគ្នាជំរុញការកសាងខ្សែក្រវ៉ាត់សេដ្ឋកិច្ចផ្លូវសូត្រ និងផ្លូវសូត្រសមុទ្រសតវត្សទី ២១ ។ ភាគីចិននឹងបន្តផ្តល់ជំនួយដល់កម្ពុជាតាមលទ្ធភាពរបស់ខ្លួន ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច ជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងលើកកម្ពស់ជីវភាពប្រជាជន ។
៧. ភាគីទាំងពីរឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងក្របខណ្ឌគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ ដោយផ្តោតសំខាន់ទៅលើការដឹកជញ្ជូន ការបង្កើនសមត្ថភាពផលិត ថាមពល ពាណិជ្ជកម្ម និងការទ្រទ្រង់ជីវភាពប្រជាជន ។ ភាគីទំាងពីរនឹងលើកកម្ពស់ ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការឲ្យបានគ្រប់ជ្រុងជ្រោយលើវិស័យពាណិជ្ជកម្ម វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ ។ល។ ហើយនិងបង្កើនទំហំ និងកម្រិតពាណិជ្ជកម្មទ្វេភាគី ។ ភាគីទាំងពីរនឹងជំរុញកិច្ចសហប្រតិបត្តិការក្នុងវេទិកានានាដូចជា ពិព័រណ៍នាំចូលអន្តរជាតិចិន ពិព័រណ៍អាស៊ាន-ចិន ។ល។ ពន្លឿនការចរចាលើពិធីសារស្តីពីការនាំផ្លែឈើ និងផលិតផលកសិកម្មផ្សេងទៀតចូលទៅប្រទេសចិន និងប្រើប្រាស់ឲ្យបានពេញលេញនូវពាណិជ្ជកម្មអេឡិចត្រូនិច និងយន្តការកិច្ចសហប្រតិបត្តិការនានា ដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឲ្យកើនដល់ ១០ប៊ីលានដុល្លារ នៅឆ្នាំ ២០២៣។ ភាគីទាំងពីរឯកភាពប្រើប្រាស់ឲ្យបានពេញលេញនូវតួនាទីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-អាស៊ាន ដើម្បីជម្រុញពាណិជ្ជកម្មទ្វេភាគី និងមានឆន្ទៈផ្តួចផ្តើមកិច្ចពិភាក្សាអំពីការសិក្សាសមិទ្ធិលទ្ធភាពធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនៅពេលសមស្រប។ ភាគីទាំងពីរបានសម្តែងនូវការពេញចិត្តចំពោះលទ្ធផលកិច្ចប្រជុំលើកទី៣នៃគណៈកម្មាធិការសម្របសម្រួលតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ កាល ពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ ។ ភាគីកម្ពុជាសូមសម្តែងការអរគុណយ៉ាងជ្រាលជ្រៅចំពោះការប្តេជ្ញារបស់ភាគីចិនក្នុងការបន្តគាំទ្រក្រុមហ៊ុន ដែលមានសមត្ថភាព និងទំនុកចិត្តខ្ពស់មកវិនិយោគនៅកម្ពុជា និងអនុវត្តកិច្ចសហប្រតិបត្តិការលើវិស័យហេដ្ឋារចនាសម្ព័ន្ធ រួមទាំងសហការជាមួយភាគីកម្ពុជាក្នុងការជំរុញការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ អាកាសយានដ្ឋានថ្មីក្នុងខេត្តសៀមរាប និងគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនានាជាច្រើនទៀត។ ភាគីទាំងពីរនឹងបន្តគាំទ្រក្រុមហ៊ុននានាក្នុងការអភិវឌ្ឍសួនឧស្សាហកម្មកែច្នៃ ការផលិត និងកសិកម្ម បង្កើនកិច្ចសហប្រតិបត្តិការក្នុងការផ្តត់ផ្គង់ថាមពល និងសាងសង់បណ្តាញបញ្ជូនថាមពល បង្កើនការអភិវឌ្ឍ និងការប្រើប្រាស់ថាមពលស្អាត ព្រមទាំងពន្លឿនការសាងសង់គម្រោងដំណាក់កាលទី២ ពាក់ព័ន្ធនឹងការទ្រទ្រង់ជីវភាពប្រជាជន រួមមានការផ្គត់ផ្គង់ទឹក ការសាងសង់សាលារៀន និងផ្លូវថ្នល់ នៅតំបន់ជនបទ ។ ភាគីទាំងពីរឯកភាពបង្កើតលក្ខខណ្ឌ និងបរិយាកាសអំណោយផលសម្រាប់កិច្ចសហប្រតិបត្តិការខាងលើ ។
៨. ភាគីទាំងពីរឯកភាពធ្វើឲ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយលើវិស័យកសិកម្ម ព្រៃឈើ នេសាទ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការការពារបរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងនគរូបនីយកម្ម ។ល។ ភាគីទាំងពីរនឹងរៀបចំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ស្តីពីកិច្ចសហប្រតិបត្តិការកសិកម្ម លើកទី ២ តាមពេលវេលាសមស្រប រួមគ្នាអនុវត្តគម្រោងអភិវឌ្ឍន៍កសិកម្មទំនើបជាតិរបស់កម្ពុជា ពង្រឹងកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាលើការបង្កាត់ពូជស្រូវ និងកែច្នៃផលិតផលកសិកម្ម ។ ភាគីទាំងពីរនឹងចាប់ផ្តើមគម្រោងមជ្ឈមណ្ឌលបង្កាត់ពូជឈើដែលមានតម្លៃខ្ពស់នៅកម្ពុជា ។ ភាគីទាំងពីរនឹងលើកកម្ពស់ការផ្លាស់ប្តូរអ្នកវិទ្យាសាស្ត្រវ័យក្មេងរវាងប្រទេសទាំងពីរ កសាងយន្តការស្រាវជ្រាវវិទ្យាសាស្ត្រ និងកិច្ចសហប្រតិបត្តិការក្នុងការផ្ទេរបច្ចេកវិទ្យា ។ ភាគីទាំងពីរនឹងរួមគ្នាពន្លឿនការបង្កើតមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការ បរិស្ថានកម្ពុជា-ចិន។
៩. ភាគីទាំងពីរឯកភាពយកឆ្នាំ ២០១៩ ជាឆ្នាំកិច្ចសហប្រតិបត្តិការវប្បធម៌ និងទេសចរណ៍កម្ពុជា-ចិន ព្រមទាំងចាប់យកឱកាសនេះក្នុងការពង្រីកបន្ថែមទៀតនូវការផ្លាស់ប្តូរទំនាក់ទំនងរវាងប្រជាជន និងប្រជាជន និងលើកស្ទួយការយោគយល់គ្នាទៅវិញទៅមក និងទំនាក់ទំនងជាមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ ជាពិសេសរវាងយុវជនជំនាន់ក្រោយ ។ ភាគីទាំងពីរនឹងគាំទ្រការរៀបចំព្រឹត្តិការណ៍ជំរុញវប្បធម៌ ទេសចរណ៍ និងពាណិជ្ជកម្ម និងសមាគមមិត្តភាពសមភាគី ក្រុមសិក្សាស្រាវជ្រាវ សារព័ត៌មាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីពង្រឹងការប្រាស្រ័យទាក់ទងគ្នា ។ ភាគីទាំងពីរនឹងអនុវត្តឲ្យបានពេញលេញនូវអាហារូបករណ៍រដ្ឋាភិបាលចិន ការបណ្តុះបណ្តាលមន្រ្តីបច្ចេកទេសវ័យក្មេង សេវាវេជ្ជសាស្ត្រស្ម័គ្រចិត្ត។ល។ ភាគីទាំងពីរនឹងបន្តអនុវត្តការអភិរក្ស និងការជួសជុលសម្បត្តិបេតិកភ័ណ្ឌអង្គរបុរាណ ប្រាសាទព្រះវិហារ និងសម្បត្តិបេតិកភ័ណ្ឌវប្បធម៌ដទៃទៀតនៅកម្ពុជា ។
១០. ភាគីកម្ពុជាសូមបញ្ជាក់សាជាថ្មីនូវការប្រកាន់ខ្ជាប់នូវគោលនយោបាយចិនមួយ ព្រមទាំងទទួលស្គាល់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិនជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ តំណាងឲ្យប្រទេសចិនទាំងមូល ហើយតៃវ៉ាន់ជាផ្នែកសំខាន់មួយ នៃបូរណភាពដែនដីរបស់ចិន ។ ភាគីកម្ពុជាសូមប្រឆាំងចំពោះការប្រកាសឯករាជ្យរបស់តៃវ៉ាន់គ្រប់ទម្រង់ ព្រមទាំងបន្តគាំទ្រការអភិវឌ្ឍដោយសន្តិភាពនូវទំនាក់ទំនងចិន និងតៃវ៉ាន់ និងបុព្វហេតុក្នុងការបង្រួបបង្រួមចិន ។ ភាគីចិនបានវាយតម្លៃយ៉ាងខ្ពស់ចំពោះការគាំទ្រខាងលើនេះ។
១១. ភាគីទាំងពីសម្តែរងនូវការពេញចិត្តចំពោះស្ថិរភាពនិងការវិវត្តដ៏ប្រសើរនៃសភាពការណ៍នៅសមុទ្រចិនខាងត្បូង និងសូមអំពាវនាវឲ្យភាគីពាក់ព័ន្ធបន្តការអនុវត្តឲ្យពេញលេញ និងមានប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនៅសមុទ្រចិនខាងត្បូង (DOC) ធ្វើឲ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការ
វិស័យសមុទ្រជាក់ស្តែង និងលើកកម្ពស់ការពិគ្រោះយោបល់ស្តីពីក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង (COC) ។ ភាគីកម្ពុជាវាយតម្លៃខ្ពស់ និងគាំទ្រសំណើរបស់ភាគីចិនសូមឲ្យបញ្ចប់កិច្ចពិគ្រោះយោបល់សី្តពី COC ក្នុងរយៈពេល៣ឆ្នាំ ហើយនឹងសហការជាមួយភាគីពាក់ព័ន្ធដើម្បីរក្សាការវិវត្តជាវិជ្ជមាននៃកិច្ចពិគ្រោះយោបល់ ខិតខំសម្រេចឲ្យបានឆាប់នូវកិច្ចពិគ្រោះយោបល់នេះ ដោយឈរលើមូលដ្ឋានកុងសង់ស៊ីសទៅវិញទៅមក និងកសាងសមុទ្រចិនខាងត្បូងឲ្យទៅជាសមុទ្រសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ ។
១២. ភាគីទាំងពីរឯកភាពបន្តពង្រឹងការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌមេគង្គ-ឡានឆាង អាស៊ាន-ចិន អាស៊ីបូព៌ា កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប និងបណ្តាក្របខ័ណ្ឌពហុភាគី រួមទាំង អង្គការសហប្រជាជាតិ ។ ភាគីទាំងពីរនឹងរួមគ្នាប្រកាន់ខ្ជាប់នូវពហុភាគីនិយម និងការពារប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលមានអង្គការពាណិជ្ជកម្មពិភពលោកជាស្នូល ។ ភាគីទាំងពីរនឹងជំរុញការបង្កើតទំនាក់ទំនងអន្តរជាតិ ដែលមានការគោរពគ្នាទៅវិញទៅមក មានយុត្តិធម៌ និងសមធម៌ និងកិច្ចសហប្រតិបត្តិការ
ឈ្នះ-ឈ្នះ ដើម្បីកសាងសហគមន៍ ដែលមានជោគវាសនារួមសម្រាប់មនុស្សជាតិ ។
១៣. ក្នុងអំឡុងពេលទស្សនកិច្ចនេះ ភាគីទាំងពីរបានចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការលើ
វិស័យនានាស្តីពីការលើកកម្ពស់ជីវភាពប្រជាជន ការដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធជាដើម ។
១៤. ភាគីទាំងពីរសម្តែងការពេញចិត្តចំពោះលទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងយល់ស្របគ្នាថាដំណើរទស្សនកិច្ចនេះបានបន្ថែមកម្លាំងចលករថ្មីក្នុងការអភិវឌ្ឍកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន ។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សូមថ្លែងអំណរគុណចំពោះភាគីចិន ដែលបានផ្តល់បដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងស្និទ្ធស្នាលក្នុងអំឡុងពេលទស្សនកិច្ចនេះ ៕