កម្ពុជា ចិនផលិតភាពយន្តឯកសារ រួមគ្នាដើម្បីរឹតចំណងមិត្តភាពនៃប្រទេសទំាង២

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ អ៊ឹម ភិរក្សនារីរតនៈ ៖

ទូរទស្សន៍ជាតិកម្ពុជា និងមជ្ឈមណ្ឌលអន្តរទ្វីបប្រទេសចិនCICC បានសហការគ្នាផលិតភាពយន្តឯកសារ ដែលមានចំណងជើងថា “រឿងរ៉ាវនៃពេលវេលា”ក្នុងគោលបំណងបង្ហាញពីការចងចាំនៃការលើកកំពស់នៅកិច្ចសហការរវាងប្រទេសទាំង២ជាប្រវត្តិសាស្ត្រ។


ថ្លែងក្នុងពិធីចាក់ផ្សាយភាពយន្តឯកសារ “រឿងរ៉ាវនៃពេលវេលា” នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុក ក្រុមប្រឹក្សាស្ការនិងអភិវឌ្ឍវិស័យកសិកម្ម និងជនបទ បានមានប្រសាសន៍ថា ភាពយន្តឯកសារនេះបានបង្ហាញពីចំណងមិត្តភាពដែលមានរយៈពេលជាងមួយពាន់ឆ្នាំរវាងកម្ពុជានិងចិន ។ បន្ថែមពីនេះទៀតភាពយន្តនេះបានរៀបរាប់ផ្តោតយ៉ាងសំខាន់លើកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងបង្ហាញពីទស្សនៈវិស័យនៃចំណងការទូតរវាងប្រទេសចិន និងកម្ពុជាតាំងពីអតីតកាល បច្ចប្បន្នកាល និងអនាគតកាលដើរឆ្ពោះទៅមុខ ។


ឯកឧត្តម បន្តថា ដោយមានកិច្ចសហការយ៉ាងជិតស្និតនិងការផ្លាស់ប្តូរបទពិសោធន៍រវាងគ្នាទៅវិញទៅមកតាមរយៈការបង្ហាញអំពី វប្បធម៌ និងអរិយធម៌ ក្នុងសម័យទំនើបនៃប្រទេសទាំងពីរកម្ពុជា ចិននេះ គឺបានរួមគ្នាបង្កើតនៅចក្ខុវិស័យក្នុងយុគសម័យថ្មីដែលបានផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក។
ការផ្លាស់ប្តូរលើវិស័យវប្បធម៌ក៍បានរួមចំណែកក្នុងការអភិវឌ្ឍន៍ទំនាក់ទំនង មានដូចជាល្ខោនស្បែករបស់កម្ពុជានិងចិនមានលក្ខណៈស្រដៀងគ្នាជាដើម ក្នុងតំបន់អង្គរដែលមានប្រវត្តិសាស្ត្រយូរលង់ អ្នកបច្ចេកទេសកម្ពុជា និងចិនបាននិងកំពុងរួមគ្នាសហការយ៉ាងជិតស្និត ។
សូមបញ្ជាក់ថា ភាពយន្តឯកសារ “រឿងរ៉ាវនៃពេលវេលា” មិត្តភាពចិន-កម្ពុជា ចែកចេញជាពីរ គឺភាគទី១និយាយពី “ប្រវត្តិសាស្ត្រដ៍យូរលង់” និងភាគទី២និយាយពី “បន្តអតីតកាល ត្រួសត្រាយអនាគត” ដែលផ្តោតសំខាន់លើមូលដ្ឋានប្រវត្តិសាស្ត្រ ប្រពៃណីនៃការទំនាក់ទំនងមិត្តភាពជាង១ពាន់ឆ្នាំរវាងប្រទេសចិន និងកម្ពុជា ដែលចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ជាតិកម្ពុជានៅយប់ថ្ងៃទី២៣ ខែមករា នឹងស្ថានីយទូរទស្សន៍មជ្ឍឹមចិន និងបណ្តាញវិដេអូអ៊ីនធើណែត ៕