អភិបាលខេត្តរតនគិរី ចូលរួមក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវក្រាល​ ក្រួសក្រហមប្រវែងជិត១០គីឡូម៉ែត្រ

AKP រតនគិរី ថ្ងៃទី២៣ ខែមករា ឆ្នាំ ២០១៩ — នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ ២០១៩ ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី ក្រោយពីបាន អញ្ជើញបើកការដ្ឋានជួសជុលផ្លូវលំក្រាលក្រួសក្រហមមួយខ្សែប្រវែង ៩.៨៨២ ម៉ែត្រ ទទឹង១១ម៉ែត្រ ដើម្បីសម្រួលការធ្វើចរាចរណ៍ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ក្នុងឱកាសនោះ ឯកឧត្តម ថង សាវុន អភិបាលខេត្ត បានអំពាវនាវស្នើឱ្យប្រជាពលរដ្ឋ កុំរំលោភយកដីចំណីផ្លូវ និងតាំងទីលំនៅឆ្ងាយពីចិញ្ចើមផ្លូវដែលបានកំណត់ ហើយត្រូវរួមគ្នា ថែរក្សាសមិទ្ធផលទាំងនេះទុកជាមរតកសម្រាប់មនុស្សគ្រប់ជំនាន់។

ឯកឧត្តមបានជំរុញការ ងារជួសជុល សាងសង់ឱ្យ បានទាន់ពេលវេលានូវផ្លូវ ដែលរង ការខូចខាតកាលពីរដូវវស្សាកន្លងទៅ ដើម្បីសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូន គ្រប់ប្រភេទរបស់បងប្អូនប្រជាពលរដ្ឋ។

ផ្លូវមួយខ្សែនេះ បានតភ្ជាប់ពីផ្លូវជាតិលេខ៧៦ ឃុំបាតាង ទៅកាន់ទីប្រជុំជនអូរស៊ិនឡែរិ៍ ឃុំកាឡែង ស្រុកលំផាត់ ដំណើរការអនុវត្តការជួសជុលដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ដោយគ្រោងនឹងបញ្ចប់នា ខែឧសភា ឆ្នាំ២០១៩ ខាងមុខ៕

ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តរតនគិរី)