កូរ៉េខាងត្បូងសិក្សាទៅលើការបង្កើតផ្សារបោះដំផលិតផលកសិកម្ម និងការបង្កើតប្រព័ន្ធព័ត៌មានទីផ្សារនៅកម្ពុជា

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហោ​ សេងគ្រី​៖

អង្គការ KOICA របស់កូរ៉េខាងត្បូងបានមើលឃើញទៅលើគម្រោងស្តីពីការអភិវឌ្ឍវិស័យកសិកម្មឱ្យមាននិរន្តរភាព តាមរយ:ការបង្កើតផ្សារបោះដំផលិតផលកសិកម្ម និងការបង្កើតប្រព័ន្ធព័ត៌មានទីផ្សារនៅកម្ពុជា។


កិច្ចការនេះបានធ្វើឡើងនៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅព្រឹក ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ ក្នុងឪកាស ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អនុញ្ញាតឱ្យលោក JEONG Yun Gilm នាយកអង្គការ KOICA (Korea International Cooperation Agency) និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារទាក់ទងនឹងការសិក្សានិងវាយតម្លៃបឋមលើគម្រោងស្តីពីការអភិវឌ្ឍវិស័យកសិកម្មឱ្យមាននិរន្តរភាព តាមរយ:ការបង្កើតផ្សារបោះដំផលិតផលកសិកម្ម និងការបង្កើតប្រព័ន្ធព័ត៌មានទីផ្សារ។


ឯកឧត្តម វេង សាខុន បាន ស្វាគមន៍ និងគាំទ្រចំពោះគម្រោងនេះ ព្រោះវានឹងជួយរកទីផ្សារបន្លែ ផ្លែឈើឱ្យកសិករ ជាកន្លែងផ្តល់ព័ត៌មានទាក់ទងអំពីទីផ្សារ តម្លៃ បរិមាណផ្គត់ផ្គង់ ដែលអ្នកបញ្ជាទិញ ត្រូវការ និងជាកន្លែងណាត់ជួបរវាងអ្នកបរិភោគ ឈ្នួញកណ្តាល ជាមួយអ្នកផ្គត់ផ្គង់ និងជាពិសេសវានឹងបង្កលក្ខណៈងាយស្រួលដល់មន្ត្រីជំនាញក្នុងការត្រួតពិនិត្យគុណភាព សុវត្ថិភាព អនាម័យ និងប្រភពទំនិញច្បាស់លាស់ ដើម្បីបង្កើននូវជំនឿទុកចិត្ត និងការធានាត្រឹមត្រូវ។
ភាគីទាំងពីរបានផ្តោតជាសំខាន់លើប្រធានបទចំនួន២ ក្នុងនោះរួមមាន÷ ទី១. ពិនិត្យ ពិចារណាឱ្យបានល្អិតល្អន់អំពីទីតាំងដែលត្រូវជ្រើសរើសសម្រាប់បង្កើតផ្សារ និងត្រូវបន្តជួបពិភាក្សានិងសិក្សាជាមួយគ្រប់ភាគីពាក់ព័ន្ធដូចជាមន្ត្រីជំនាញ វិស័យឯកជន សហគ្រាសខ្នាតតូច និងមធ្យម ដៃគូអភិវឌ្ឍ តាមអភិក្រម “រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍ-និងសហគមន៍”។ ទី២. បន្តជំរុញ កិច្ចសហការជាមួយអគ្គនាយកដ្ឋានកសិកម្មលើការងារច្បាប់ និងបច្ចេកទេស។
ឯកឧត្តមរដ្ឋមន្ត្រី បាន វាយតម្លៃខ្ពស់ ចំពោះរាជរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េដែលបានគាំទ្រ និងជួយឧបត្ថម្ភទាំងបច្ចេកទេស និងហិរញ្ញវត្ថុសម្រាប់ការកសាង និងអភិវឌ្ឍកម្ពុជាឱ្យមានការរីកចម្រើនលើគ្រប់វិស័យ និងជាពិសេសវិស័យកសិកម្ម។ សមិទ្ធផលសំខាន់ៗជាច្រើនដែលកម្ពុជាសម្រេចបាននាពេលនេះគឺបានមកពីកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររវាងប្រទេសទាំងពីរ ។
ឯកឧត្តមរដ្ឋមន្ត្រីជឿជាក់ថាគម្រោងថ្មីនេះនឹងពង្រឹង និងពង្រីកសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរថែមមួយកម្រិតទៀត ជាប្រយោជន៍ដល់ប្រជាជននិងប្រជាកសិករកម្ពុជា៕