វៀតណាម និងចក្រភពអង់គ្លេសបង្កើនកិច្ចសហប្រតិបត្តិការ ក្នុងវិស័យអប់រំឱ្យកាន់តែខ្លាំង

AKP ភ្នំពេញ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩​ — រដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាលវៀតណាម លោក Phung Xuan Nha និងរដ្ឋមន្រ្តីក្រសួងអប់រំនៃចក្រភពអង់គ្លេស លោក Nick Gibb បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំរបស់ប្រទេសទាំងពីរកាលពីពេលថ្មីៗនេះនៅទីក្រុងឡុងដ៏។

កិច្ចចរចានោះ គឺជាផ្នែកមួយនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូវៀតណាមទៅកាន់ចក្រភពអង់គ្លេសចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី ២៦ ខែមករា។ នៅក្នុងព្រឹត្តិការណ៍នោះ ភាគីទាំងពីរបានស្វែងយល់ពីកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំថ្នាក់ឧត្តមសិក្សា រួមទាំងការបណ្ដុះបណ្ដាលអ្នកគ្រប់គ្រងការអប់រំ និងគ្រូបង្រៀន ដោយប្រើប្រាស់ដំណោះស្រាយ បច្ចេកវិទ្យាខ្ពស់ក្នុងអភិបាលកិច្ចអប់រំខ្ពស់ និងជំរុញការបណ្តុះបណ្តាលរួមគ្នារវាងគ្រឹះស្ថានឧត្តមសិក្សារបស់ប្រទេសទាំងពីរ។

លោក Gibb បាននិយាយថា លោកចាប់អារម្មណ៍ចំពោះលទ្ធផលរបស់វៀតណាមនៅក្នុងកម្មវិធីនៃការវាយតម្លៃនិស្សិតអន្តរជាតិ (PISA) ហើយភាគីអង់គ្លេសចង់រៀនពីបទពិសោធន៍របស់ប្រទេសវៀតណាមនៅក្នុងវិស័យនេះ។ សម្រាប់ប្រទេសវៀតណាមវិញ រដ្ឋមន្រ្តីក្រសួងអប់រំ លោក Nhan បានចាត់ទុកថា វៀតណាមវាយតម្លៃខ្ពស់ចំពោះការអប់រំរបស់ចក្រភពអង់គ្លេស ហើយសង្ឃឹមថា ចក្រភពអង់គ្លេសនឹងជួយកែលម្អប្រព័ន្ធអប់រំ ដែលមិនត្រឹមតែប្រព័ន្ធអប់រំជាន់ខ្ពស់ប៉ុណ្ណោះទេ ថែមទាំងប្រព័ន្ធអប់រំថ្នាក់បឋមសិក្សា និងមធ្យមសិក្សាផងដែរ។ វៀតណាមក៏ចង់រៀនអំពីបទពិសោធន៍របស់ចក្រភពអង់គ្លេសក្នុងការបង្កើតកម្មវិធី STEM (កម្មវិធីសិក្សាវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា) និងកម្មវិធីបណ្តុះបណ្តាលភាសាអង់គ្លេស។

ពួកគេក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការធំៗមួយចំនួន ដោយផ្តោតទៅលើការសន្ទនាគោលនយោបាយ អភិបាលកិច្ចសាកលវិទ្យាល័យ និងស្វ័យភាព គុណភាពនៃការបណ្តុះបណ្តាលរួមគ្នា ការតភ្ជាប់ទំនាក់ទំនងអាជីវកម្មរវាងសកលវិទ្យាល័យ ការស្រាវជ្រាវ ការច្នៃប្រឌិត ការបង្រៀន និងការផ្លាស់ប្តូរនិស្សិត និងសហគ្រិនសង្គមផងដែរ។ ពួកគេក៏បានលើកឡើងអំពីការបង្រៀនភាសាអង់គ្លេស ការវាយតម្លៃគុណភាពភាសាអង់គ្លេស និងសកម្មភាពនាពេលអនាគតរបស់ក្រុមប្រឹក្សាអង់គ្លេស៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)