គំនិតផ្តួចផ្តើមភាគីជប៉ុន ក្នុងកិច្ចសហប្រតិបត្តិការអាស៊ាន និងជប៉ុន ស្តីពីនិរន្តរភាពទីក្រុង

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហោ​ សេងគ្រី​៖


នៅកំឡុងពេលនៃការចូលរួមដឹកនាំសិក្ខាសាលាជាន់ខ្ពស់ ស្តីពីនិរន្តរភាពទីក្រុង នៅទីក្រុងបាលី ប្រទេសឥណ្ឌូណេស៊ីកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម វ៉ាន់ មុនីនាថ អគ្គលេខាធិការរង និងជាប្រធានក្រុមការងារអាស៊ាននិរន្តរភាពទីក្រុង បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Yasuo Takahashi អនុរដ្ឋមន្រ្តីនៃក្រសួងបរិស្ថានជប៉ុន ដើម្បីពិនិត្យលើគំនិតផ្តួចផ្តើមរបស់ភាគីជប៉ុនបន្ថែមទៀតពាក់ព័ន្ធទៅនឹងបញ្ហាបរិស្ថានក្នុងតំបន់អាស៊ាន។ 

តាមផេកផ្លូវការរបស់ក្រសួងបរិស្ថានបានអោយដឹងថា ភាគីទាំងពីរ បានពិភាក្សាគ្នាលើប្រធានបទចំនួនបួនចំណុចដូចខាងក្រោម ៖

១) ភាគីជប៉ុនបានស្វែងរកការគាំទ្រពីភាគីកម្ពុជា ទៅលើឯកសារទស្សនទានស្តីពីការបង្កើតមជ្ឈមណ្ឌលចំណេះដឹងអំពីសំរាមប្លាស្ទិកសមុទ្រប្រចាំតំបន់ (Regional Knowledge Hub on Marine Plastic Debris)។

២)ភាគីជប៉ុនស្នើឱ្យរដ្ឋសមាជិកអាស៊ានជួយគាំទ្រគម្រោងកិច្ចសហប្រតិបត្តិការអាស៊ាន ស្តីពីការកាត់បន្ថយសំរាមសមុទ្រក្នុងតំបន់អាស៊ាន។

៣) ភាគីជប៉ុនបានស្នើភាគីកម្ពុជាដាក់បញ្ចូលកិច្ចប្រជុំទ្វេភាគីរវាងរដ្ឋមន្រ្តីបរិស្ថានរដ្ឋសមាជិកអាស៊ាន និងរដ្ឋមន្រ្តីបរិស្ថានជប៉ុន នៅក្នុងកំឡុងពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្រ្តីបរិស្ថានអាស៊ានឆ្នាំ២០១៩។

៤) ភាគីជប៉ុនបានជម្រាបជូនភាគីកម្ពុជាអំពីវិធីសាស្រ្តក្នុងការធ្វើមូលដ្ឋាននីយកម្មគោលដៅអភិវឌ្ឍន៍ដោយចីរភាពសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលទទួល បានជោគជ័យនៅក្នុងប្រទេសជប៉ុន។

ជាការឆ្លើយតប ក្នុងនាមប្រធានក្រុមការងារនិរន្តរភាពទីក្រុងអាស៊ាន ឯកឧត្តម វ៉ាន់ មុនីនាថ បានបញ្ជាក់ពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការល្អរវាងអាស៊ាន និងជប៉ុនលើវិស័យបរិស្ថាន ព្រមទាំងបង្ហាញពីជំហស្វាគមន៍ និងគាំទ្រគំនិតផ្តួចផ្តើម ដោយសន្យាថានឹងពាំនាំយកគំនិតផ្តួចផ្តើម និងសំណើទាំងអស់នេះទៅពិភាក្សាជាមួយរដ្ឋសមាជិកអាស៊ាន និងលេខាធិការដ្ឋានអាស៊ាន ដើម្បីប្រែក្លាយការផ្តួចផ្តើម ទៅជាសកម្មភាពជាក់ស្តែងក្នុងតំបន់អាស៊ាន។