ក្រសួងធនធានទឹកនិងឧតុនិយមប្រកាសឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះអាកាសធាតុត្រជាក់ខ្លាំង

វិទ្យុជាតិកម្ពុជា៖ ដោយ ប៉ុង សុភាវី៖

ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះ អាកាស ធាតុ ដែលនឹងចុះត្រជាក់ខ្លាំងជាលើកទី២នៅដើមឆ្នាំ២០១៩នេះ។
សេចក្តីប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម ឲ្យដឹងថា អាកាសធាតុនៅក្នុងប្រទេសកម្ពុជា អាចចាប់ផ្តើមចុះត្រជាក់ខ្លាំង ចាប់ពីថ្ងៃទី២៤ រហូតដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ ដោយសារជ្រលងសម្ពោធខ្ពស់ បាន បង្កើនឥទ្ធិពលមកលើប្រទេសកម្ពុជា។
បើតាមក្រសួងធនធានទឹក បានបញ្ជាក់ថា តំបន់ដែលចុះត្រជាក់ខ្លាំង គឺតំបន់ជួរភ្នំ និងតំបន់ខ្ពង់រាប ពិសេសជួរភ្នំដងរែក ខេត្តព្រះវិហារ រតនគិរី និងខេត្តមណ្ឌលគិរី ដោយសីតុណ្ហភាពអប្បបរមា នឹងធ្លាក់ចុះមកនៅក្នុងរង្វង់១៧អង្សារសេ ខណៈតាមបណ្ដារាជធានី-ខេត្តផ្សេងទៀត នឹងធ្លាក់ចុះមកនៅក្នុងរង្វង់ចន្លោះពី២០-២២អង្សាសេ លើកលែងតែបណ្ដាខេត្តនៅតំបន់មាត់សមុទ្រដែលធាតុអាកាសមិនចុះត្រជាក់។
ក្រសួងជំនាញនេះ បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ជាងមុន ចំពោះសីតុណ្ហភាពត្រជាក់ខ្លាំងជាលើកទី២ ជាពិសេសកុមារ និងវីរកងទ័ព ដែលឈរ ជើង នៅតំបន់ជួរភ្នំដងរែក និងនៅខ្ពង់រាបភាគឦសាន៕