រដ្ឋមន្រ្តីធនធានធម្មជាតិ និងបរិស្ថាននៃសហព័ន្ធរុស្ស៊ី នឹងចូលរួមកិច្ចប្រជុំសហប្រធាននៃគណៈកម្មការអន្តររដ្ឋាភិបាលកម្ពុជា-រុស្ស៊ី នៅរាជធានីភ្នំពេញ

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ហោ សេងគ្រី៖

ក្រសួងការបរទេសបានអោយដឹងថា តបតាមការអញ្ជើញរបស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ឌីមីតទ្រី កូប៊ីលគីន រដ្ឋមន្រ្តី​ធនធានធម្មជាតិ និងបរិស្ថាននៃសហព័ន្ធរុស្ស៊ី នឹងដឹកនាំគណៈប្រតិភូអញ្ជើញមកចូលរួមកិច្ចប្រជុំ​សហ​ប្រធាន​​​​នៃគណៈកម្មការអន្តររដ្ឋាភិបាលកម្ពុជា-រុស្ស៊ី ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្រ្ត និងបច្ចេកទេស ជាមួយឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហ​ប្រតិ​បត្តិ​ការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៥ ខែមករា ឆ្នាំ២០១៩ នៅ​រាជធានីភ្នំពេញ។
សេចក្តីប្រកាសព័ត៌មានបានបន្តថា កិច្ចប្រជុំសហប្រធាននៃគណៈកម្មការ​​អន្តររដ្ឋាភិបាលកម្ពុជា-រុស្ស៊ី នឹងពិនិត្យ​ពិភាក្សាការវិវឌ្ឍដែលសម្រេចបានពីសម័យប្រជុំលើកទី១០នៃគណៈកម្មការអន្តររដ្ឋាភិបាល ដែលបាន​រៀបចំ​ឡើង​កាលពីថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០១៧ ព្រមទាំងកំណត់មាគ៌ាថ្មីសម្រាប់សកម្មភាពជាក់លាក់ ដើម្បីលើកកំពស់​ភាព​ជា​ដៃគូ និងការប្រើប្រាស់សក្តានុពលសម្រាប់វិស័យកិច្ចសហប្រតិបត្តិការថ្មីៗ។
ក្នុងអំឡុងពេលស្នាក់នៅប្រទេសកម្ពុជា ឯកឧត្តម ឌីមីតទ្រី កូប៊ីលគីន នឹងអញ្ចើញចូលជួបសម្តែង​ការគួរសម​ជា​មួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជួបប្រជុំទ្វេ​ភាគី​ជាមួយ ឯកឧត្តម សាយ សំអាល រដ្ឋមន្រ្តីក្រសួងបរិស្ថាន ផងដែរ៕