ទំហំទុនវិនិយោគថៃ នៅកម្ពុជាកើនដល់ជាង៦៦លានដុល្លារ

AKP ភ្នំពេញ ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ — ប្រភពពីអគ្គទីប្រឹក្សាពាណិជ្ជកម្មប្រចាំស្ថានទូតថៃនៅកម្ពុជា បានប្រាប់ឱ្យដឹងថា ទំហំទុនវិនិយោគរបស់ថៃនៅកម្ពុជាបានកើនឡើងដល់ទៅជាង៦៦លានដុល្លារអាម៉េរិក ដោយគម្រោងវិនិយោគទាំងនោះផ្តោតលើភោជនីយដ្ឋាន បរិក្ខារម៉ាស៊ីនត្រជាក់ គ្រឿងអេឡិចត្រូនិក សំណង់  និងរោងចក្រកែច្នៃផ្លែឈើជាដើម។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី២២ ខែមករា ឆ្នាំនេះ លោក ជីរ៉ាវុឍ សុវណ្ណាអាត អគ្គទីប្រឹក្សាពាណិជ្ជកម្មប្រចាំស្ថានឯកអគ្គរាជទូតថៃប្រចាំនៅកម្ពុជា បានបញ្ជាក់ថា ក្រុមពាណិជ្ជករថៃ កំពុងសម្លឹងឱកាសបង្កើនគម្រោងវិនិយោគ ដោយផ្ទាល់នៅកម្ពុជាបន្ថែមទៀត។

លោកមានប្រសាសន៍ថា «ក្រុមហ៊ុន និងពាណិជ្ជករថៃជាច្រើនត្រៀមបោះទុន វិនិយោគដោយផ្ទាល់លើវិស័យជាច្រើននៅកម្ពុជា ដោយសារតែកម្ពុជា  មានសក្ដានុពលលើវិស័យសេដ្ឋកិច្ច កម្លាំងពលកម្ម និងស្ថិរភាពនយោបាយ ព្រមទាំងមានច្បាប់វិនិយោគត្រឹមត្រូវ ដែលផ្តល់ទំនុកចិត្ដដល់វិនិយោគិន បរទេសមកបណ្ដាក់ទុន»។ រយៈពេល១១ខែឆ្នាំ២០១៨កន្លងទៅនេះ ការដោះដូរពាណិជ្ជកម្មរវាងប្រទេសថៃ និងកម្ពុជា មានទឹកប្រាក់សរុបប្រមាណ៨.០០០លានដុល្លារអាម៉េរិក ខណៈដែលរាជរដ្ឋាភិបាល ប្រទេសទាំងពីរ បានកំណត់ផែនការជំរុញគោលដៅពាណិជ្ជកម្មទ្វេភាគី ឱ្យបាន១៥ប៊ីលានដុល្លារ នៅឆ្នាំ២០២០។

លោកបន្តថា ផលិតផលពីកម្ពុជាដែលនាំចេញទៅថៃ ភាគច្រើនជាទំនិញកសិផល មានដូចជា ពោត ដំឡូងមី សណ្តែកជាដើម។ ចំណែកថៃនាំចូលមកកម្ពុជាវិញមានដូចជា គ្រឿងចក្រ ឧបករណ៍អេឡិចត្រូនិក ប្រេងឥន្ធនៈ សម្ភារសំណង់ គ្រឿងឧបភោគបរិភោគ គ្រឿងសម្អាង សម្ភារប្រើប្រាស់ក្នុងផ្ទះ ជាដើម៕

ដោយ ងិន សុផល