ឯកឧត្តម ម៉ៅ ធនិន ចូលរួមក្នុងពិធីប្រកាសតែងតាំងអភិបាលរងស្រុកក្រគរ

AKP ពោធិ៍សាត់ ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ — នៅសាលាស្រុកក្រគរ កាលពីថ្ងៃទី២១ ខែមករា  ឆ្នាំ២០១៩ មានរៀបចំពិធី ប្រកាសតែងតាំងអភិបាលរងស្រុកក្រគរម្នាក់ និងតែងតាំងប្រធានអនុប្រធានការិយាល័យ ចំណុះរដ្ឋបាលស្រុកចំនួន៥រូប ស្ថិតក្រោមអធិបតីភាពឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត ពោធិ៍សាត់ និងមានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត អភិបាលអភិបាលរងស្រុក ប្រធានមន្ទីរនានាជុំវិញខេត្ត និងក្រុមប្រឹក្សាស្រុក ឃុំ យ៉ាងច្រើនកុះក។

យោងតាមប្រកាសរបស់ក្រសួងមហាផ្ទៃ បានសម្រេចឱ្យលោកស្រី មិត្ត សុភាព ថានន្តរស័ក្តិគ្រូបង្រៀនកម្រិតមូលដ្ឋានដើមខ្សែ ពិសេសថ្នាក់ទី៦ ឱ្យចូលកាន់តំណែងជាអភិបាលរងស្រុកក្រគរ។ ជាមួយគ្នានោះក៏បានតែងតាំងមន្រ្តីចំនួន៥រូប ទៀតឱ្យចូលកាន់តំណែងជាប្រធាន អនុប្រធានការិយាល័យចំណុះរដ្ឋបាលស្រុកផងដែរ។

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់បានថ្លែងផ្តាំផ្ញើ ដល់មន្ត្រីដែល ទើបតែងតាំងនេះឱ្យយកចិត្តទុកដាក់ក្នុងកិច្ចការងារនិងភារកិច្ចរបស់ខ្លួនឱ្យបានល្អ និងចេះរួមសាមគ្គីគ្នាដើម្បីឱ្យអនុវត្តន៍ការងារមានភាពរលួន។

ឯកឧត្តមអភិបាលខេត្តបន្តថា ជាមួយគ្នានោះត្រូវចុះជួបប្រជាពលរដ្ឋ និងបម្រើប្រជា ពលរដ្ឋឱ្យអស់ពីចិត្តពីថ្លើម ទើបធ្វើឱ្យប្រជាពលរដ្ឋ មានជំនឿលើមកលើរដ្ឋអំណាចយើង។  ជាមួយគ្នានេះត្រូវចេះរួម សហកាជាមួយសមត្ថកិច្ចជំនាញផ្សេងៗដើម្បីចូលរួមការ ពារភូមិឃុំមានសុវត្ថិភាព៕

ដោយ ណៅ ធឿន