កសិករខេត្តកំពង់ធំបង្កបង្កើនផលស្រូវប្រដេញទឹក និងស្រែប្រាំងបានជាង៦០០០០ហិកតា

AKP កំពង់ធំ ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ — លោក ធីវ វណ្ណធីរ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ធំបានឱ្យដឹង នៅព្រឹកថ្ងៃអង្គារ ២រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី​២២ ខែមករា ឆ្នាំ២០១៩ថា គិតត្រឹមថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ កសិករខេត្តកំពង់ធំអនុវត្តន៍ ធ្វើស្រែប្រ ដេញទឹក និងស្រែប្រាំងឆ្នាំ២០១៨-២០១៩ បានចំនួន៦០៩៩៤ហិកតា ស្មើនឹង១៥២ភាគរយ នៃផែនការចំនួន៤០០០០ហិកតា បើប្រៀបធៀបរយៈពេលដូចគ្នានឹងឆ្នាំ២០១៧-២០១៨ខ្ពស់ជាងចំនួន៨៦៧៤ហិកតា។

លោក ធីវ វណ្ណធីរ បានឱ្យដឹងថា ផ្ទៃដីស្រូវទាំងនេះបានរងផលប៉ះពាល់ ដោយសត្វម មាចត្នោតសរុបចំនួន១៣៥៥ហិកតាក្នុងនោះក្រុងស្ទឹង សែននៅសង្កាត់អូរកន្ធរ ចំនួន៨៥០ហិកតានិងស្រុកបារាយណ៍ នៅឃុំទ្រាល និងឃុំបារាយណ៍ចំនួន៥០៥ហិកតា។ ក្នុងរយៈពេលជាមួយគ្នានេះដែរ កសិករ ធ្វើការប្រមូលផលបានចំនួន៤៩៦០ហិកតា ទទួលបានទិន្នផលមធ្យម៤,២៦៧តោនក្នុង១ហិកតា។

លោកបន្តថា ស្រូវប្រភេទ៥៤ ៥១សើម មានតម្លៃពី៦៨០ ទៅ ៧០០រៀល  ក្នុង១គីឡូក្រាម និងស្រូវប្រភេទ៤៩សើម មានតម្លៃពី៨០០ ទៅ៨១០រៀល ក្នុង១គីឡូក្រាម។ ដោយឡែកដំឡូងមីស្រស់ថ្លៃមានតម្លៃពី៣០០ ទៅ៣៣០រៀល ក្នុង១គីឡូក្រាម និងដំឡូងមី ស្ងួតមានតម្លៃពី៦៥០ ទៅ៦៧០រៀល ក្នុង១គីឡូក្រាម។ ក្នុងរយៈពេលជាមួយ គ្នានេះដែរកសិករ ខេត្តកំពង់ធំយកចិត្តទុកដាក់ដាំដំណាំរួមផ្សំ រដូវប្រាំងបានចំនួន៦៦៨ហិកតា ផងដែរ៕

ដោយ ស៊ុម វណ្ណា