អាជ្ញាធរជាតិអប្សរាអនុវត្តន៍សាកល្បងគម្រោងចម្រោះទឹកកខ្វក់ចេញពីបង្គន់ តាមផ្ទះប្រជាពលរដ្ឋក្នុងរមណីយដ្ឋានអង្គរ

AKP សៀមរាប ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ — អាជ្ញាធរជាតិអប្សរា សហការជាមួយរាជរដ្ឋាភិបាលបារាំងក្រោមគម្រោងប៉ាជឺរ៉ា (PAAGERA) បាន និងកំពុងអនុវត្តន៍សាកល្បងគម្រោងប្រព័ន្ធចម្រោះទឹកកខ្វក់ខ្នាតតូច មួយកន្លែងស្ថិតនៅភូមិរហាល សង្គាត់នគរធំ ក្រុងសៀមរាបនៃរមណីយដ្ឋានអង្គរ។ ប្រព័ន្ធចម្រោះទឹកនេះត្រូវបានអនុវត្តន៍ក្នុងបំណងលើកកម្ពស់សុខុមាលភាព អនាម័យ របស់ប្រជាជននិងកាត់បន្ថយទឹកកខ្វក់ជ្រាបចូលក្រោមដី។លោក ឡៃ ប៉ូទី បុគ្គលិកបច្ចេកទេសនៃនាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា បានឱ្យថា គម្រោងនេះគឺជាប្រព័ន្ធសុវុឌ្ឍិកម្មទឹក  ដែលប្រមូលទឹកកខ្វក់នៅ តាមបង្គន់របស់ប្រជាជនយកទៅចម្រោះដោយប្រព័ន្ធស្វ័យប្រវត្តិ ព្រមទាំងធ្វើឱ្យប្រជាជនរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរមានការរស់នៅក្នុងភាពប្រសើរនិងស្អាតជាងពេលមុន។ ​ក្នុងជំហានសាកល្បងគម្រោ ងនេះបានធ្វើការតភ្ជាប់ ប្រព័ន្ធចម្រោះជាបណ្តាញតាមបង្គន់អនាម័យរបស់ប្រជាជនចំនួន២៨ខ្នងផ្ទះ ដោយប្រើពេល ចំនួនបីខែ និងគ្រោងបញ្ចប់នៅចុងខែមករា ឬដើមខែ កុម្ភៈ ឆ្នាំ២០១៩ខាងមុខ។

អ្នកស្រី ទេព ព្រឿន ជាអ្នកភូមិដែលទទួលបានការតបណ្តាញ ចម្រោះទឹក កខ្វក់បានលើកឡើងថាបង្គន់អនាម័យរបស់គាត់បានកសាងឡើងជាង១០ឆ្នាំមុន តែពុំ ដែលបានរៀបចំឱ្យមានប្រព័ន្ធចម្រោះនោះទេ ដូច្នេះទឹកកខ្វក់និងមេរោគ គឺមាននៅជុំវិញ ទីនោះ។  អ្នកស្រីបានថ្លែងអំណរគុណដល់អាជ្ញាធរជាតិអប្សរា ដែលបានយក ចិត្តទុកដាក់លើ សុខុមាលភាពប្រជាជន ជាពិសេសការបណ្តុះ បណ្តាលដល់ប្រជាជន ឱ្យចេះរស់នៅស្អាត និងមានអនាម័យដើម្បីកាត់បន្ថយនូវប្រភពមេរោគនិងជំងឺទាំងឡាយដែលអាចកើតមាន។

សូមបញ្ជាក់ថា អាជ្ញាធរជាតិអប្សរាតែងតែយកចិត្តទុកដាក់ដោះស្រាយ ទុក្ខលំបាក របស់បងប្អូនរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរដូចជា អនុញ្ញាតឱ្យមានការ ជួសជុលកែ លម្អផ្ទះ បង្គន់អនាម័យ និងកសាងផ្លូវថ្នល់ ស្ពាន ព្រមទាំងហេដ្ឋារចនា សម្ព័នរូបវន្ត ចាំបាច់ផ្សេងៗ ដើម្បីលើកកម្ពស់ ស្ថានភាពរស់នៅឱ្យកាន់តែល្អ ប្រសើរនិងមាន ចំណូលកាន់តែខ្ពស់៕

ដោយ ឃុត សៅ