រដ្ឋមន្រ្តីធនធានធម្មជាតិ និងបរិស្ថានរុស្ស៊ី នឹងអញ្ជើញមកចូលរួមកិច្ចប្រជុំសហ ប្រធាននៃ គណៈកម្មការអន្តររដ្ឋាភិបាលកម្ពុជា-រុស្ស៊ី នៅរាជធានីភ្នំពេញ

AKP ភ្នំពេញ ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ — តបតាមការអញ្ជើញរបស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ឌីមីតទ្រី កូប៊ីលគីន រដ្ឋមន្រ្តីធន ធានធម្មជាតិ និងបរិស្ថាននៃសហព័ន្ធរុស្ស៊ី នឹងដឹកនាំគណៈប្រតិភូអញ្ជើញមកចូលរួមកិច្ច ប្រជុំសហប្រធាននៃគណៈកម្មការអន្តររដ្ឋាភិបាលកម្ពុជា- រុស្ស៊ី ស្តីពីកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្រ្ត និង​បច្ចេកទេស ជាមួយឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រ​កម្ពុជា ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៥ ខែមករា ឆ្នាំ២០១៩ នៅរាជធានី ភ្នំពេញ។​ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិ បត្តិការអន្តរជាតិ។

ក្នុងសេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់ថា កិច្ចប្រជុំសហប្រធាននៃគណៈកម្មការអន្តរ រដ្ឋាភិបាលកម្ពុជា-រុស្ស៊ី នឹងពិនិត្យពិភាក្សាការវិវឌ្ឍន៍ដែលសម្រេចបានពីសម័យប្រជុំលើក ទី១០នៃគណៈកម្មការអន្តររដ្ឋាភិបាល ដែលបានរៀបចំឡើងកាលពីថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០១៧ ព្រមទាំងកំណត់មាគ៌ាថ្មីសម្រាប់សកម្មភាពជាក់លាក់ ដើម្បីលើកកម្ពស់ភាពជាដៃគូ និងការប្រើប្រាស់សក្តានុពលសម្រាប់វិស័យកិច្ចសហប្រតិបត្តិការថ្មីៗ។

ក្នុងអំឡុងពេលស្នាក់នៅប្រទេសកម្ពុជា ឯកឧត្តម ឌីមីតទ្រី កូប៊ីលគីន នឹងអញ្ចើញចូលជួបសម្តែ​ងការគួរសមជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា​ និងជួបប្រជុំទ្វេភាគីជាមួយ ឯកឧត្តម សាយ សំអាល រដ្ឋមន្រ្តីក្រសួងបរិស្ថាន ផងដែរ៕

ដោយ អ៊ុន រិទ្ធី