ក្រសួងព័ត៌មានត្រៀមរៀបចំកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី១៦

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ ប៉ុង​ សុភាវី​៖

ក្រសួងព័ត៌មាន ត្រៀមរៀបចំកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី AMS លើកទី១៦ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅខែមិថុនាខាងមុខនេះ ដែលមានភ្ញៀវអន្ដជាតិ ចូលរួមរាប់រយនាក់ មកពីបណ្តាប្រទេសនានា ជុំវិញពិភពលោក។


ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងព័ត៌មាន នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩នេះឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានមានប្រសាសន៍ថា កិច្ចប្រជុំប្រពន្ធ័ផ្សព្វផ្សាយអាស៊ី លើកទី១៦ នាអំឡុង ខែមិថុនា ឆ្នាំ២០១៩ខាងមុខនេះ នឹងប្រព្រឹត្តទៅនៅក្នុងទឹកដីអង្គរ ខេត្តសៀមរាប ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។


ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍លើកឡើងថា សម្រាប់កិច្ចប្រជុំកំពូលAMS លើកទី១៦នេះ គឺក្រសួងព័ត៌មានជាអ្នកមានភារកិច្ចធំក្នុងការរៀបចំតាមរយៈកិច្ចសហការ ជាមួយវិទ្យាស្ថានតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីអភិវឌ្ឍន៍ ប្រព័ន្ធផ្សព្វផ្សាយ ហៅកាត់ថា AIBD។ ដូច្នេះថ្នាក់ដឹកនាំ គ្រប់ផ្នែក ជំនាញ និងមន្ត្រីពាក់ព័ន្ធទាំងអស់នៅក្រសួងព័ត៌មានត្រូវ ត្រៀមលក្ខណៈគ្រប់បែបយ៉ាងចាប់ពីពេលនេះទៅព្រោះកិច្ចប្រជុំកំពូល AMSនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់១៤ ខែមិថុនា ឆ្នាំ២០១៩ខាងមុខ នាខេត្តសៀមរាប។ ជាមួយគ្នានេះដែរ អនុគណៈកម្មការ របស់ក្រសួងព័ត៌មានគ្រប់ផ្នែក ត្រូវផ្តល់ព័ត៌មានឲ្យជាប់ និងសកម្មក្នុងកិច្ចការងារ ព្រមទំាងកិច្ចសហការជាមួយស្ថាប័នគ្រប់ផ្នែកជំនាញទាំងអស់ ដើម្បីអាចឲ្យដំណើរការនៃកិច្ចប្រជុំ AMS បានប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។


តាមរយៈកិច្ចប្រជុំអន្តរជាតិដ៏ធំនាពេលខាងមុខនេះ ក្រសួងព័ត៌មាន បានរៀបចំបង្កើតជា គណៈកម្មការរួមមួយ ដោយមានការផលិតកម្មវិធី ផ្សព្វផ្សាយ ខ្លឹមសារតាំងពិព័រណ៍ និងទំនាក់ទំនងជាមួយវាគ្មិន ពិធីការ បដិសណ្ឋាកិច្ច ការផ្គត់ផ្គង់ និងហិរញ្ញវត្ថុ៕