អាជីវករនៅតំបន់ទេសចរណ៍កំពង់ត្រាចរកចំណូលបានច្រើនពីការបំពេញសេវាកម្មជូនភ្ញៀវទេសចរ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ ទុយ​ សូលីដា​៖​
អាជីវករលក់ដូរនៅតំបន់ទេសចរណ៍កំពង់ត្រាច ខេត្តកំពត ទទួលបានប្រាក់ចំណូលជាច្រើន ពីការបំពេញសេវាកម្មជូនភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដែលមកកំសាន្តនៅក្នុងតំបន់ទេសចរណ៍មួយនោះ ហើយបានកែប្រែជីវភាពបានល្អមួយកំរិត។


អ្នកស្រី ជា ឈិន អាជីវករលក់នំចំណីនៅតំបន់ទេសចរកំពង់ត្រាចខេត្តកំពត បានប្រាប់ក្រុមការងារវិទ្យុជាតិអោយដឹងថា អ្នកមានលក់គ្រឿងម្ជូរគ្រប់មុខនិងនំចំណីជាច្រើនទៀតនៅក្នុងតំបន់ទេសចរណ៍នេះមានរយៈពេលបីឆ្នាំមកហើយ។ អ្នកស្រីបានបញ្ជាក់ថា ការលក់ដូរនៅតំបន់នេះដាច់ខ្លាំង ពិសេសនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យដែលមានភ្ញៀវជាតិ និងអន្តរជាតិមកលេងច្រើនជាងគេ ព្រោះភ្ញៀវចាប់អារម្មណ៍ទៅលើល្អាងទឹកនៅខាងក្រោមភ្នំ និងមានរូងភ្នំនៅខាងលើចេញពីម្ខាងទៅម្ខាង ដោយឃើញនៅពន្លឺថ្ងៃរះដ៍ស្រស់ស្អាត់ ។

អ្នកស្រីបន្តថា ក្នុងមួយថ្ងៃអាចរកចំណូលបានជាមធ្យមជាង២០ម៉ឺនរៀលឡើងទៅ ដែលចំណូលនេះជួយសម្រាលបន្ទុកជីវភាពប្រចាំថ្ងៃ និងបានបញ្ជូនកូនទៅរៀនគ្រប់ៗគ្នា ។

 លក់មិនទៀងជួនកាល១០ម៉ឺន ២០ម៉ឺនចឹងទៅ នៅកន្លែងខ្ញុំមានលក់ប៉ុណ្ណឹបើទៅក្រៅ គេមានលក់ច្រើនហើយម្ហូបគ្រប់មុខដែលលក់ចឹងគ្រាន់បើ បានចំណូលចូល កូនខ្ញុំបានទៅរៀន។
យុវជន ណា រ៉ាន់ ដែលរស់នៅខេត្តកំពតហើយបានមកលេងកំសាន្ត នៅរម្មណីយដ្ឋានកំពង់ត្រាចនេះ បានឲ្យដឹងថា ទីតំាងនេះមានលក្ខណៈស្រស់ស្អាតគួរជាទីគយគន់ និងបង្កើតភាពសប្បាយរីករាយដល់ភ្ញៀវទេសចរ។ យុវជនរូបនេះបានស្នើអោយអជ្ញាធរជួយថែរក្សានិងអភិរក្សតំបន់នេះអោយនៅដដែល ពីព្រោះតំបន់នេះជាចំណែកមួយក្នុងការជួយប្រជាជនអោយរកចំណូលបានសម្រាប់ផ្គត់ផ្គងនៅក្នុងជីវភាពប្រចាំថ្ងៃ។


សូមបញ្ជាក់ថា ភ្នំកំពង់ត្រាច គឺជាភ្នំមួយដែលស្ថិតឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ដោយអ្នកខ្លះហៅ«ភ្នំកំពង់ត្រាច»ឬអ្នកខ្លះទៀតហៅថា«ភ្នំបាក់»ស្ថិតនៅតាមផ្លូវជាតិលេខ ៣៦ មាន ចំងាយ ៣៨គ.ម ប៉ែកខាងកើតនៃខេត្តកំពត។ វាគឺជា រមណីយដ្ឋានដែលមានភាពស្រស់ស្អាតបែបធម្មជាតិ និង ជាកន្លែងដែលគួអោយចាប់អារម្មណ៍បំផុតដោយនៅក្នុងរ៉ូងភ្នំ មានសិលាចរិកជាច្រើន ហើយមានសំឡេងសត្វយំ ទឹកធ្លាក់ និងមានផ្ទាំងថ្មធំៗ ចេញជារូបរាងផ្សេងៗ អមដោយរុក្ខជាតិ និងមានរ៉ូងភ្នំ ល្អាងតូចធំជាច្រើនកន្លែង ៕