ជប៉ុនផ្តល់ថវិកាប្រមាណ២លានដុល្លារសម្រាប់កម្ពុជាអនុវត្តគម្រោងបញ្ចប់អំពើហិង្សាលើកុមារ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ាង​ ភក្តី​៖

រដ្ឋាភិបាលប្រទេសជប៉ុន បានសម្រេចផ្តល់ជំនួយឥតសំណងប្រមាណ២លានដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោងបញ្ចប់អំពើហិង្សាលើកុមារនៅកម្ពុជានៅត្រឹមឆ្នាំ២០២១។


ហិរញ្ញប្បទានឥតសំណងនៃជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ជប៉ុន សម្រាប់«គម្រោងទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារនៅកម្ពុជា»នេះ ត្រូវបានធ្វើពិធីចុះហត្ថលេខាលើលិខិតប្តូរសារ រវាងឯកឧត្តម ហូរីណូអ៊ូជិ ហ៊ីដេហ៊ីសា(HORINOUCHI Hidehisa) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និង លោកស្រី ណាតាឆា ផាឌីសុន ប្រធានស្តីទីអង្គការយូនីសេហ្វប្រចាំកម្ពុជា ក្រោមអធិបតីភាពឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាទីស្តីការក្រសួងសង្គមកិច្ច ព្រឹកថ្ងៃទី២២ ខែមករានេះ។
គម្រោងជំនួយនេះ ធ្វើឡើងបន្ទាប់ពីការអង្កេតសិក្សាស្រាវជ្រាវ បានបង្ហាញកម្ពុជាមានកុមារជាងពាក់កណ្តាល ក្នុងចំណោមកុមារទាំងអស់ បានទទួលរងអំពើហិង្សាយ៉ាងហោចណាស់មួយទម្រង់ មុនពេលពួកគេឈានដល់អាយុ១៨ឆ្នាំ។
ឯកឧត្តម វង សូត មានប្រសាសន៍ថា តាមរយៈជំនួយនេះបង្កើតឲ្យមាននូវប្រព័ន្ធកិច្ចការពារកុមារមួយ ដែលមានការសម្របសម្រួលទូ ទាំងប្រទេស ព្រមជាមួយបុគ្គលិកជំនាញ និងសមត្ថភាព ដែលនឹងជួយកុមារទទួលរងអំពើហិង្សា ការកេងប្រវញ្ច និងការរំលោភបំពានឲ្យទទួលបានការថែទាំ និងកិច្ចគាំទ្រដែលពួកគេត្រូវការ ព្រមទាំងនឹង ជួយបង្ការអំពើហិង្សានៅពេលអនាគតផងដែរ។
បើតាមការឲ្យដឹងពី ឯកឧត្តម ឯកអគ្គរាជទូតជប៉ុន បានបញ្ជាក់ថា ជំនួយជាថវិកានេះ ផ្តល់ឲ្យអង្គការយូនីសេហ្វដើម្បីគាំទ្រដល់ក្រសួងពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់អនុវត្តផែនការសកម្មភាពទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាកុមារឆ្នាំ២០១៧-២០២១។
ដូចគ្នានេះ លោកស្រី ណាតាឆា ផាឌីសុន បានឲ្យដឹងថា គម្រោងនេះនឹងបន្តពង្រឹងសមត្ថភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីឲ្យមានប្រព័ន្ធកិច្ចការពារកុមារមួយដែលដំណើរការ និងមានសម្របសម្រួលល្អដើម្បីអាចបង្ការ និងឆ្លើយតបទៅនឹងអំពើហិង្សាលើកុមារឲ្យកាន់តែមានប្រសិទ្ធភាព។ លោកស្រី បានបន្តថា កុមារងាយរងគ្រោះជាង១លាននាក់ នឹងទទួលបានកិច្ចការ ពារកាន់តែប្រសើរពីអំពើហិង្សា តាមរយៈក្របខ័ណ្ឌស្ថាប័ន និងក្របខ័ណ្ឌច្បាប់ដែលល្អជាងមុន សេវាគាំពារកុមារប្រកបដោយគុណភាព និងបរិយាកាសសហគមន៍ដែលផ្តល់កិច្ចគាំទ្រ។ ប្រធានស្តីទីអង្គការយូនីសេហ្វប្រចាំកម្ពុជារូបនេះ បានបញ្ជាក់ថា ការអនុវត្ត គម្រោងនេះប្រកបដោយភាពជោគជ័យ ធ្វើឲ្យកម្ពុជាក្លាយជាប្រទេសឈានមុខគេក្នុងតំបន់ សម្រាប់ ការប្រយុទ្ធប្រឆាំងដើម្បីបញ្ចប់អំពើហិង្សាលើកុមារ។
កម្ពុជា គឺជាប្រទេសដំបូងគេបង្អស់នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលបានធ្វើការអង្កេតថ្នាក់ជាតិស្តីពីអំពើហិង្សាលើកុមារ ក្រោមភាពជាដៃគូជាមួយមជ្ឈមណ្ឌលសម្រាប់ការត្រួតពិនិត្យ និងបង្ការជំងឺ របស់សហរដ្ឋអាមេរិក និងអង្គការយូនីសេហ្វ កាលពីឆ្នាំ២០១៣៕