ក្រុមសន្តិសុខឆ្នេរសមុទ្រលីប៊ីជួយសង្គ្រោះជនអន្តោរប្រវេសន៍ខុសច្បាប់៨៤នាក់

AKP ភ្នំពេញ ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ — ក្រសួងមហាផ្ទៃប្រទេសលីប៊ី បាននិយាយកាលពីថ្ងៃចន្ទនេះថា ជនទេសន្តរប្រវេសន៍ខុសច្បាប់៨៤នាក់ដែលរួមមានស្ត្រី និងកូនក្មេងផងនោះ ត្រូវបានគេជួយសង្គ្រោះកាលពីថ្ងៃអាទិត្យ នៅឯនាយឆ្នេរ សមុទ្រទីក្រុង Zuwara ចម្ងាយប្រហែល១២០កីឡូម៉ែត្រខាងលិចរដ្ឋធានី ទ្រីប៉ូលី ។

ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កាលពីរសៀលថ្ងៃអាទិត្យ អ្នកនេសាទម្នាក់មកពីទីក្រុង Zuwara រាយការណ៍ថា មានទូកកៅស៊ូមួយដែលដឹកពួកជនអន្តោរប្រវេសន៍ខុសច្បាប់មួយចំនួន  ដែលត្រូវបានជួយសង្គ្រោះដោយក្រុមល្បាតមួយ នៃផ្នែកសន្តិសុខឆ្នេរសមុទ្រ ។

សេចក្តីថ្លែងការណ៍បាននិយាយបន្ថែមថា ជនទេសន្តរប្រវេសន៍៨៤នាក់ដែលរួមមានស្ត្រី ៣នាក់ និងកូនក្មេង២នាក់ផងនោះ គឺមានសញ្ជាតិ ផ្សេងៗគ្នា ។ ការិយាល័យស្នងការជាន់ខ្ពស់ អ.ស.ប សម្រាប់ជនភៀសខ្លួនបាននិយាយពីថ្ងៃអាទិត្យថា គេមានការសោកសៅ ដោយសារតែមានសេចក្តីថ្លែងការណ៍ដែលថា មានជនអន្តោរប្រវេសន៍ជិត ១៧០នាក់បានស្លាប់ ឬ បាត់ខ្លួននៅក្នុងសមុទ្រមេឌីទែរ៉ានេ ។ មនុស្សសរុបទាំងអស់ ១១៧នាក់នៃពួកគេបានចេញដំណើរពីប្រទេសលីប៊ី ភាគខាងលិច ។

គណៈកម្មការនេះបាននិយាយថា ពួកជនអន្តោរប្រវេសន៍ជាង ២.២០០នាក់បានស្លាប់នៅពេលឆ្លងកាត់សមុទ្រមេឌីទែរ៉ានេ ទៅកាន់អឺរ៉ុប ក្នុងឆ្នាំ២០១៨ ។ ប្រទេសលីប៊ី គឺជាចំណុចដែលចូលចិត្តមួយនៃការចេញដំណើរសម្រាប់ពួកជនអន្តោរប្រវេសន៍ខុសច្បាប់ដែលចង់ឆ្លងកាត់សមុទ្រមេឌីទែរ៉ានេ ទៅកាន់ប្រទេសអឺរ៉ុប ដោយសារស្ថានភាពអសន្តិសុខ និងភាពវឹកវរ នៅក្នុងប្រទេសអាហ្វ្រិកខាងជើងនេះ  ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )