កងកម្លាំងអ៊ីរ៉ាក់និងក្រុមចម្រុះអន្តរជាតិវាយប្រហារ ពួកសកម្មប្រយុទ្ធ IS ក្នុងប្រទេសអ៊ីរ៉ាក់

AKP ភ្នំពេញ ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ — កងកម្លាំងអ៊ីរ៉ាក់ ដែលគាំទ្រដោយក្រុមចម្រុះអន្តរជាតិដឹកនាំដោយ ស.រ.អា បានប៉ះទង្គិចគ្នាជាមួយ ពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ( IS ) ព្រមទាំងបានធ្វើការវាយប្រហារពីអាកាសនៅក្នុងប្រទេសអ៊ីរ៉ាក់ភាគខាង ជើង និងខាងលិចដោយកម្ទេចកន្លែងលាក់ខ្លួន IS ចំនួន១០កន្លែង ព្រមទាំងសម្លាប់ពួកសកម្មប្រយុទ្ធជ្រុលនិយមយ៉ាងហោចណាស់៥នាក់ ។

ក្រសួងការពារប្រទេសអ៊ីរ៉ាក់បាននិយាយកាលពីថ្ងៃចន្ទថា កងទ័ពបានធ្វើឱ្យផ្ទុះគ្រាប់បែកជាង ៧៣០គ្រាប់នៅក្នុងតំបន់ផ្សេងៗដោយឡែកយន្តហោះអ៊ីរ៉ាក់ និងក្រុមចម្រុះបានទម្លាក់គ្រាប់បែកលើកន្លែងលាក់ខ្លួន IS ចំនួន១០កន្លែង ក៏ដូចជាការទម្លាក់គ្រាប់បែកលើរថយន្តផ្ទុកគ្រឿងផ្ទុះមួយផងដែរ ។
ដោយឡែកពីនេះពួកសកម្មប្រយុទ្ធ IS បានវាយប្រហារក្រុមល្បាតយោធាអ៊ីរ៉ាក់មួយ ដែលកំពុង ដឹកនាំធ្វើប្រតិបត្តិការបោសសំអាតមួយនៅក្បែរភ្នំ Attshana នៅខាងលិចទីក្រុងម៉ូស៊ូលរដ្ឋធានីខេត្ត Ninevch ប្រទេសអ៊ីរ៉ាក់ភាគខាងជើង ។

សេចក្តីថ្លែងការណ៍បាននិយាយថា កងកម្លាំងអ៊ីរ៉ាក់និងក្រុមចម្រុះបានប៉ះទង្គិចជាមួយពួកអ្នកវាយ ប្រហារ ព្រមទាំងបានធ្វើការទម្លាក់គ្រាប់បែកដែលមានការសម្របសម្រួលគ្នាដោយកម្ទេចរូងក្រោមដី៣កន្លែង ដែលប្រើដោយពួកសកម្មប្រយុទ្ធ IS ធ្វើជាកន្លែងលាក់ខ្លួន ហើយនិងកន្លែងលាក់គ្រឿងសព្វាវុធ ។

សេចក្តីថ្លែងការណ៍និយាយបន្ថែមថា ក្នុងប្រទេសអ៊ីរ៉ាក់ខាងលិចយន្តហោះអ៊ីរ៉ាក់ ត្រូវបានវាយ ប្រហារដោយអាវុធធុនតូច ដែលបាញ់ដោយពួកសកម្មប្រយុទ្ធភាគ IS នៅពេលធ្វើប្រតិបត្តិការឈ្លបយក ការណ៍នៅក្នុងខេត្តអានបារ ដែលជំរុញឱ្យកងកម្លាំងអ៊ីរ៉ាក់នៅក្នុងតំបន់នោះបាញ់តបទៅវិញ ដែលធ្វើឱ្យពួកសកម្មប្រយុទ្ធជ្រុលនិយម៥នាក់ស្លាប់ ។
ស្ថានការណ៍សន្តិសុខក្នុងប្រទេសអ៊ីរ៉ាក់មានភាពល្អប្រសើរបន្ទាប់ពីកងកម្លាំងសន្តិសុខអ៊ីរ៉ាក់បានធ្វើឱ្យពួកសកម្មប្រយុទ្ធ IS ជ្រុលនិយមទទួលបរាជ័យទាំងស្រុង នៅទូទាំងប្រទេសកាលពីចុងឆ្នាំ ២០១៧ ។

តែយ៉ាងណាក៏ដោយពួកសកម្មប្រយុទ្ធ IS បានប្រមូលផ្តុំគ្នាឡើងវិញនៅក្នុងវាយខ្សាច់ និងតំបន់ ដែលរម៉ាំងរម៉ោកដោយធ្វើការវាយប្រហារលើកងកម្លាំងសន្តិសុខ និងពួកជនស៊ីវិល ទោះបីជាមានប្រតិបត្តិ ការយោធាម្តងម្កាល ដើម្បីតាមប្រមាញ់ពួកគេក៏ដោយ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)