ប្រធានាធិបតីកូរ៉េខាងត្បូងរំពឹងទុកជាវិជ្ជមានកិច្ចប្រជុំកំពូល កូរ៉េខាងជើង-អាម៉េរិកលើកទី២

AKP ភ្នំពេញ ថ្ងៃទី២២ ខែមករា  ឆ្នាំ២០១៩ — ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចា-អ៊ីន ( Moon Jae in ) កាលពីថ្ងៃចន្ទបានរំពឹងទុកជាវិជ្ជមាន លទ្ធផលនៃកិច្ចប្រជុំកំពូលលើកទី២ រវាងមេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុង អ៊ុន និង ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ។

លោក មូន បាននិយាយក្នុងអំឡុងកិច្ចប្រជុំជាទៀងទាត់មួយ ជាមួយជំនួយការជាន់ខ្ពស់របស់លោកថា លោកបាន ឮពីភាគីអាម៉េរិកនូវការវាយតម្លៃជាវិជ្ជមានលើលទ្ធផលនៃកិច្ចចរចា រវាងលោក គីម យ៉ុង ចុល ( Kim yong Chol ) អនុប្រធានគណៈកម្មាធិការកណ្តាលបក្សពលករកូរ៉េ (  WPK ) ដែលកំពុងកាន់អំណាចរបស់កូរ៉េខាងជើង និងរដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក ម៉ៃ ប៉ុមប៉េវ ( Mike Pompeo ) ក៏ដូចជាកិច្ចប្រជុំរបស់លោក គីម យ៉ុងចុល ជាមួយលោក ត្រាំ ។

លោក គីម យ៉ុងចុល បានធ្វើទស្សនកិច្ចក្រុងវ៉ាស៊ីងតោន កាលពីចុងសប្តាហ៍កន្លងទៅ ដោយធ្វើកិច្ចចរចាថ្នាក់ខ្ពស់ជាមួយ លោក ប៉ុមប៉េវ នឹងបានជួបជាមួយលោក ត្រាំ នៅឯ Oval Office របស់សេតវិមាន ។

លោក មូន បាននិយាយថា លោក ​ត្រាំ បានវាយតម្លៃជាវិជ្ជមានកិច្ចប្រជុំរបស់លោកជាមួយមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង ដោយឡែកកិច្ចចរចាថ្នាក់ការងារបានដំណើរការទៅនៅក្នុងប្រទេសស៊ុយអែត រវាងក្រុង    ព្យុងយ៉ាង និងក្រុងវ៉ាស៊ីងតោនដែលក៏មានការចូលរួមផងដែរ ដោយអ្នកតំណាងមួយរូបរបស់កូរ៉េខាងត្បូង។

លោក មូន បានសង្កត់ធ្ងន់ថា កូរ៉េខាងត្បូង គួរតែឆក់យកឱកាសមាសនេះ ដើម្បីដោះស្រាយដោយសន្តិភាព បញ្ហានុយក្លេអ៊ែររបស់ឧបទ្វីបកូរ៉េ ។ លោកបាននិយាយថា ប្រទេសរបស់លោក គួរតែកសាងនូវសន្តិភាពឱ្យបានរឹងមាំមួយនៅលើឧបទ្វីបនេះ ដែលអាចនាំទៅរកឱកាសមួយសម្រាប់ការរីកចម្រើននៃសេដ្ឋកិច្ចកូរ៉េខាងត្បូង ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)