ចិន  –  បញ្ហាក្នុងប្រទេសស៊ីរី

AKP ភ្នំពេញ ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ — ក្រសួងការបរទេសចិនបាននិយាយថា សកម្មភាពដែលធ្វើឱ្យភាពតានតឹងរឹតតែខ្លាំងឡើងនៅក្នុងប្រទេសស៊ីរី គេគួរតែចៀសវាង ។

អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី ហួ ជុនយីង ( Hua Chunying ) បាននិយាយពីថ្ងៃចន្ទថា ដោយសារកម្លាំងចលករដែលកើនឡើងនៃដំណោះស្រាយនយោបាយ ចំពោះបញ្ហាប្រទេសស៊ីរីនោះ ភាគីដែលមានជាប់ពាក់ព័ន្ធគួរចៀសវាងកុំធ្វើសកម្មភាពណា ដែលអាចធ្វើឱ្យមានភាពតានតឹងកាន់តែខ្លាំងនៅក្នុងប្រទេសស៊ីរី ។

លោកស្រី ហួ បានធ្វើការកត់តសម្គាល់នេះ នៅឯសន្និសីទកាសែតតាមទម្លាប់មួយ ក្នុងការឆ្លើយតបទៅនឹងសំណួរមួយ ចំពោះការ​វាយប្រហារដែលបានបើកធ្វើឡើងដោយប្រទេសអ៊ីស្រាអែលទៅលើប្រទេសស៊ីរីនោះ ។

យោធាអ៊ីស្រាអែលបាននិយាយពីថ្ងៃចន្ទថា ខ្លួនបានធ្វើការ​វាយប្រហារគោលដៅអ៊ីរ៉ង់នានា ក្នុងប្រទេសស៊ីរីដោយនិយាយថា ទង្វើនេះគឺជាការសងសឹក ចំពោះការបាញ់រ៉ុក្កែតមួយចេញពីប្រទេសស៊ីរីកាលពីថ្ងៃអាទិត្យ ។ នៅព្រឹកថ្ងៃនោះក្រុងដាម៉ាស់បាននិយាយថា ខ្លួនបានច្រានចេញទៅវិញការវាយប្រហារពីអាកាសមួយរបស់អ៊ីស្រាអែល ដែលសំដៅទៅលើភាគខាងត្បូង របស់ប្រទេសនេះ ។

លោកស្រី ហួ បាននិយាយថា ចិនតែងតែគាំទ្រជានិច្ចដែលថា អធិបតេយ្យភាព , ឯករាជ្យភាព និងបូរណភាពទឹកដី​របស់ប្រទេសស៊ីរីគេគួរតែគោរព និងការពារ ដោយអំពាវនាវដល់ភាគីនានាឱ្យដើរតួនាទីប្រកបដោយការស្ថាបនាមួយនៅក្នុងការជំរុញដំណោះស្រាយនយោបាយមួយ ចំពោះបញ្ហាប្រទេសស៊ីរី ព្រមទាំងថែរក្សារួមគ្នាសន្តិភាព និងស្ថិរភាពថ្នាក់តំបន់ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )