ថ្នាក់ដឹកនាំកំពូលអង្គនីតិបញ្ញត្តិនៃប្រទេសវៀតណាម និងអូស្រ្តាលីជួបពិភាក្សាគ្នា

AKP ភ្នំពេញ ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩​ — កាលពីថ្ងៃទី២១ ខែមករា ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានជួបសន្ទនាជាមួយប្រធានព្រឹទ្ធសភាអូស្ត្រាលី លោក Scott Ryan បន្ទាប់ពីពិធីទទួលស្វាគមន៍ជាផ្លូវការនៅទីក្រុងហាណូយ។

ក្នុងជំនួបនេះ លោកស្រី Ngan បានសំដែងក្តីសង្ឃឹមថា គណៈប្រតិភូជាន់ខ្ពស់នៃដំណើរទស្សនកិច្ចនាពេលបច្ចុប្បន្នរបស់ព្រឹទ្ធសភាអូស្ត្រាលីដឹកនាំដោយលោក Ryan នឹងរួមចំណែកក្នុងការពង្រឹង និងជំរុញភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។

ប្រធានព្រឹទ្ធសភាអូស្រ្តាលីបានគូសបញ្ជាក់ថា ទំនាក់ទំនងរវាងវៀតណាម និងអូស្ត្រាលី កំពុងរីកចម្រើនលើវិស័យជាច្រើន ជាពិសេសវិស័យអប់រំ ពាណិជ្ជកម្ម រដ្ឋបាលសាធារណៈ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងវិស័យសហប្រតិបត្តិការជាយុទ្ធសាស្ត្រផ្សេងៗទៀត។

លោក Ryan បានសង្កត់ធ្ងន់ទៅលើការរីកចម្រើននៃទំនាក់ទំនងទ្វេភាគី ដោយផ្អែកលើបណ្តាកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា។ លោកបាននិយាយបន្ថែមថា ភាគីទាំងពីរបានរក្សាការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងបទពិសោធន៍នៅក្នុងសកម្មភាពសភា ក្នុងការបង្កើនការយល់ដឹងពីគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាការគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាសភាពហុភាគីផងដែរ។

លោកបាននិយាយថា សភាអូស្ត្រាលីបានធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសភាវៀតណាមក្នុងការផ្លាស់ប្តូរបទពិសោធន៍ និងការកសាងសមត្ថភាពសម្រាប់តំណាងរាស្ដ្រ ជាពិសេសតំណាងរាស្រ្តជាស្ត្រី។

លោកស្រី Ngan បានសំដែងការសប្បាយរីករាយចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាងរដ្ឋាភិបាលទាំងពីរក្នុងពេលកន្លងមក ដោយកត់សម្គាល់ថា ការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយភាពជាដៃគូយុទ្ធសាស្ត្រដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចជាផ្លូវការរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ទៅកាន់ប្រទេសអូស្ត្រាលីកាលពីខែមីនា ឆ្នាំមុន បានបង្កើតនូវលក្ខខណ្ឌអំណោយផលសម្រាប់ភាគីទាំងពីរក្នុងអំឡុងពេលនៃកិច្ចអភិវឌ្ឍន៍ថ្មី។ ក្នុងក្របខ័ណ្ឌនៃភាពជាដៃគូយុទ្ធ     សាស្ត្ររវាងវៀតណាម និងអូស្ត្រាលី មានកិច្ចសន្ទនាថ្នាក់រដ្ឋមន្ត្រីប្រចាំឆ្នាំចំនួនបីបន្ថែមទៀត ដោយផ្អែកលើកិច្ចការបរទេស ការការពារជាតិ និងសេដ្ឋកិច្ច៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)