កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសសហភាពអឺរ៉ុប និងអាស៊ាន ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ

AKP ភ្នំពេញ ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩​ — កាលពីថ្ងៃទី២១ ខែមករា បណ្តារដ្ឋមន្ត្រីការបរទេសនៃសហភាពអឺរ៉ុប និងសមាគមប្រជាជាតិអាស៊ី    អាគ្នេយ៍ (អាស៊ាន) បានជួបប្រជុំគ្នានៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក ដើម្បីពិភាក្សាអំពីការបង្កើនកិច្ចសហប្រតិបត្តិការរបស់ពួកគេលើគ្រប់វិស័យ។

កិច្ចប្រជុំនេះ ដឹកនាំដោយសហប្រធាននៃតំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុបសម្រាប់កិច្ចការបរទេស និងគោលនយោបាយសន្តិសុខ លោក Federica Mogherini និងរដ្ឋមន្ត្រីការបរទេសសិង្ហបុរី លោក Vivian Balakrishnan ដោយភាគីទាំងពីរត្រូវបានគេរំពឹងថា នឹងនិយាយអំពីភាពជាដៃគូរបស់ខ្លួនក្នុងការដោះស្រាយបញ្ហាតំបន់ និងសកលលោក រួមទាំងបញ្ហាប្រឈមនៃបម្រែបម្រួលអាកាសធាតុ និងការពង្រឹងប្រព័ន្ធពហុភាគីដោយផ្អែកលើគោលការណ៍។

បណ្តារដ្ឋមន្រ្តីទាំងនោះក៏នឹងចែករំលែកទស្សនៈរបស់ពួកគេអំពីកិច្ចអភិវឌ្ឍន៍ថ្មីៗ នៅក្នុងសហភាពអឺរ៉ុប និងអាស៊ានផងដែរ។ កិច្ចប្រជុំនេះក៏ផ្តល់ឱកាសឱ្យភាគីទាំងពីរ ពិនិត្យឡើងវិញនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រទ្វេភាគីរបស់ខ្លួន ក្នុងការស្វែងរកមធ្យោបាយដើម្បីពង្រឹងទំនាក់ទំនងនេះ ជាពិសេសអាទិភាពក្នុងឆ្នាំ ២០១៩ ដូចជាការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម បទឧក្រិដ្ឋកម្មឆ្លងដែន សន្តិសុខដែនសមុទ្រ និងសន្តិសុខប្រព័ន្ធអ៊ិនធើណែត។

គួរបញ្ជាក់ថា ប្រទេសសមាជិកអាស៊ានទាំង ១០ រួមមានប្រទេសប្រ៊ុយណេ ,កម្ពុជា ,ឥណ្ឌូណេស៊ី, ឡាវ, ម៉ាឡេស៊ី ,មីយ៉ាន់ម៉ា, ហ្វីលីពីន ,សិង្ហបុរី ,ថៃ និង វៀតណាម៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)