ក្រសួងបរិស្ថានចាត់វិធានការការពារនិងទប់ស្កាត់ភ្លើងឆេះព្រៃក្នុងតំបន់ការពារធម្មជាតិនិងរបៀងអភិរក្សជីវៈចម្រុះ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ ស៊ឹង សុផារី ៖


ក្រសួងបរិស្ថានចាត់វិធានក្នុងការការពារនិងទប់ស្កាត់ភ្លើងឆេះព្រៃក្នុងតំបន់ការពារធម្មជាតិនិងរបៀងអភិរក្សជីវៈចម្រុះ ដោយសារកម្ពុជាទទួលរងឥទ្ធិពលបាតុភូត អែល នីណូ ដែលបង្កឲ្យធាតុអាកាសនារដូវប្រាំងឆ្នាំនេះ អាច ឡើងកម្ដៅពី40 ទៅ 42 អង្សាសេ ដែលធ្វើឲ្យព្រៃឈើនៅក្នុងប្រទេសកម្ពុជាងាយទទួលរងនូវបាតុភូតភ្លើងឆេះព្រៃដោយសារកត្តាធម្មជាតិនិងសកម្មភាពមនុស្ស។
តាមសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថានបានបញ្ជាក់ថា ដើម្បីបង្ការនិងទប់ស្កាត់រាល់បញ្ហាភ្លើងឆេះព្រៃដែលតែងតែកើតមានឡើងក្នុងតំបន់ការពារធម្មជាតិនិងរបៀងអភិរក្សជីវៈចម្រុះរបស់ប្រទេសកម្ពុជាជារៀងរាល់ឆ្នាំ ជាពិសេសក្នុងរដូវប្រាំង ក្រសួងបរិស្ថានបានណែនាំដល់អង្គភាពជំនាញរដ្ឋបាលថ្នាក់ក្រោមជាតិ មន្ទីរបរិស្ថាន អាជ្ញាធរមានសមត្ថកិច្ច រួមទាំងសហគមន៍មូលដ្ឋាន និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវចូលរួមអនុវត្តតាមវិធានការដូចជា ទប់ស្កាត់ការកាប់ឆ្ការ ទន្ទ្រាន ឈូសឆាយ ដុតព្រៃឈើ ព្រៃលិចទឹក ត្រូវប្រុងប្រយ័ត្នខ្ពស់ក្នុងការប្រើភ្លើងជាមធ្យោបាយក្នុងការដុតកាកសំណល់ផ្សេងៗ ត្រូវអនុវត្តន៍វិធានការដែលអាចធានាសុវត្ថិភាពចំពោះភ្លើងព្រៃដោយត្រូវពន្លត់ភ្លើងអោយអស់ជាចាំបាច់មុនពេលចាកចេញពីទីតាំងប្រើប្រាស់ភ្លើង ករណីកើតមានភ្លើងឆេះព្រៃធ្ងន់ធ្ងរសមត្ថកិច្ចពាក់ព័ន្ធត្រូវប្រញាប់ចាត់វិធានការទប់ស្កាត់ជាបន្ទាន់តាមរយៈការប្រកាសអាសន្ន ការសហការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការហាមឃាត់ចូលប្រើប្រាស់ដីព្រៃឈើនិងព្រៃលិចទឹកដែលឆេះដើម្បីទុកលទ្ធភាពឲ្យរុក្ខជាតិដុះឡើងវិញ ។
ក្រសួងបរិស្ថានមានជំនឿនិងទុកចិត្តចំពោះគ្រប់អង្គភាពជំនាញរដ្ឋបាលថ្នាក់ក្រោមជាតិ កងកម្លាំងប្រដាប់អាវុធសហគមន៍ ព្រះសង្ឈ នឹងបងប្អូនប្រជាពលរដ្ឋទាំងអស់បានយល់ច្បាស់ពី ករណីយកិច្ចក្នុងការការពារទប់ស្កាត់ និងបង្ក្រាបភ្លើងឆេះព្រៃប្រកបដោយប្រសិទ្ធភាពខ្ពស់។