ឯកឧត្តម ចាន់ យុត្ថា ចុះត្រួតពិនិត្យ និងដោះស្រាយទឹកសម្រាប់ការប្រើប្រាស់របស់ប្រជាកសិករនៅក្នុងស្រុកមង្គលបូរី

AKP ភ្នំពេញ ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ -តាមប្រភពព័ត៌មានរបស់ក្រសួងធនធានទឹកបានឱ្យដឹងថា កាលពីថ្ងៃចន្ទ ១រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយលោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី លោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ បានចុះដោះស្រាយទឹកសម្រាប់ការប្រើប្រាស់នៅក្នុងស្រុកមង្គលបូរី ពិសេសបណ្តាឃុំដែលនៅផ្នែកខាងក្រោម ដូចជាឃុំគយម៉ែង តាឡំ សំបួរ និងឃុំស្រះរាំង ។

លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី បានជម្រាបជូនឯកឧត្តមរដ្ឋលេខាធិការថា មកដល់ពេលនេះ មានបណ្តាឃុំមួយចំនួនបានចាប់ផ្តើមប្រឈមនឹងកង្វះខាតទឹកប្រើប្រាស់ ព្រោះថាទឹកស្ទឹងដែលមានកន្លងមកត្រូវបានប្រើប្រាស់សម្រាប់ដំណាំស្រូវស្ទើរតែទាំង      ស្រុង ។ លោកអភិបាលស្រុកបន្តថា គ្រាន់តែស្រុកមង្គលបូរីរបស់លោក បងប្អូនប្រជាកសិករផលិតស្រូវប្រាំងរហូតដល់ទៅប្រមាណ ៥០.០០០ហិកតា លើផែនការ ៥.៥០០ហិកតា គឺលើសពីផែនការ និងការណែនាំរបស់មន្ត្រីជំនាញច្រើនណាស់ កន្លែងខ្លះធ្វើ ២ដង ឬ ៣ដងក៏មានដែរ ។ លោកបន្តទៀតថា រដ្ឋបាលស្រុក និងជំនាញពាក់ព័ន្ធក៏បានផ្សព្វផ្សាយណែនាំដែរ ប៉ុន្តែដោយសារឆ្នាំនេះស្រូវបានថ្លៃ ដូចនេះបងប្អូនប្រជាកសិករក៏ចេះតែប្រឹងដាំដុះ ។ ទោះបី ជាយ៉ាងណា ក៏យើងនៅតែប្រឹងជួយ ហេតុនេះហើយទើបពេលនេះទឹកក្នុងស្ទឹងត្រូវបានរីងដោយកន្លែង ។

ជាដំណោះស្រាយលើបញ្ហានេះដែរ ឯកឧត្តម ចាន់ យុត្ថា បានបញ្ជាឱ្យបើកទំនប់ទឹកនៅត្រង់ចំណុចឃុំឫស្សីក្រោក ដើម្បីទម្លាក់ទឹកទៅផ្នែកខាងក្រោមខ្លះ តែការបើកនេះមិនមែនបើកជាអចិន្ត្រៃយ៍ទេ ពោលគឺ នៅពេលដែលផ្នែកខាងក្រោមទទួលបានទឹកសមល្មមហើយ យើងត្រូវបិទទំនប់នេះវិញភ្លាម ហើយនៅពេលខាងក្រោមខ្វះជាថ្មី ទើបយើងបើកបញ្ជូនទៅទៀត  ការធ្វើដូចនេះ គឺដើម្បីសន្សំសំចៃទឹកទុកសម្រាប់ប្រើប្រាស់ឱ្យបានគ្រប់គ្រាន់ ៕

ដោយ សេង សុវណ្ណនី