ឯកឧត្ដម បណ្ឌិត ហ៊ុន ម៉ាណែត បើកការរដ្ឋានស្ថាបនាផ្លូវ DBST និងបេតុង ចំនួន០៣ខ្សែ ក្នុងស្រុកព្រៃឈរ និងស្រុកកងមាស

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ចន ណារិទ្ធ៖

ឯកឧត្ដម បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក អមដំណើរដោយ ឯកឧត្ដម គួចចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវចាក់កៅស៊ូ បេតុងពីរខ្សែប្រវែង១២.៩០០ម៉ែត្រ ខ្សែទី១.មានប្រវែង៦.០០០ម៉ែត្រដែលតភ្ជាប់ពីផ្លូវជាតិលេខ៧ ស្ថិតនៅក្នុងភូមិមៀន ដល់ភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខ្សែទី២. មានប្រវែង ៦.៩០០ ម៉ែត្រ ពីភូមិ ឃ្លោយ និងខ្សែទី៣. ដល់ផ្លូវជាតិលេខ ៧០ ភូមិអូរកណ្ដោល ឃុំព្រៃក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម ។

ឯកឧត្ដម គួចចំរើន អភិបាលខេត្តខេត្តកំពង់ចាម បានមានប្រសាសន៍ថា ការស្ថាបនាផ្លូវនាពេលនេះ ពិតជាមានសារៈសំខាន់ សម្រាប់បម្រើផលប្រយោជន៍រួម ព្រោះផ្លូវជាសសៃឈាមសេដ្ឋកិច្ច គឺមានផ្លូវមានសង្ឃឹម ម្យ៉ាងទៀត នៅពេលដែលទទួលបានផ្លូវនេះហើយ គឺយើងទាំងអស់គ្នាត្រូវចូលរួមថែរក្សាផ្លូវនេះ ឲ្យបានគង់វង្សទុកសម្រាប់ កូនចៅជំនាន់ក្រោយ និងទុកជាសម្បត្តិរួម។ ឯកឧត្តម បានសំណូមពរ និងផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅជាប់បណ្តោយផ្លូវកំពុងបើកការដ្ឋាន សូមមានការយោគយល់និងអធ្យាស្រ័យ ចូលរួមសហការជាមួយក្រុមការងារ បើមានការប៉ះពាល់ដល់ការសាងសង់ផ្លូវដូចជាការត្រួសត្រាយកាប់ដើមឈើ ឬប៉ះទៅលើរបងផ្ទះរបស់បងប្អូន និងសូមនាំគ្នាជួយថែរក្សា ផ្លូវនេះឱ្យបានល្អ ហើយពេលធ្វើដំណើរ ត្រូវគោរពច្បាប់ចរាចរណ៍ឱ្យបានគ្រប់ៗគ្នា។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងពីការរីកចម្រើនលើគ្រប់វិស័យនៅកម្ពុជាចាប់ពីទីក្រុងដល់ជនបទ ហើយនៅថ្ងៃនេះបងប្អូនប្រជាពលរដ្ឋបានទទួលនូវសមិទ្ធិផលថ្មីមួយទៀត គឺផ្លូវចាក់កៅស៊ូ ពីផ្លូវជាតិលេខ ៧ ភូមិមៀន ស្រុកព្រៃឈរ និង ផ្លូវបេតុង ចាប់ពី ភូមិឃ្លោយទី៣ ដល់ផ្លូវជាតិលេខ ៧០ ភូមិអូរកណ្ដោល ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម ។

ឯកឧត្តម បណ្ឌិតបន្តថា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចជាប្រមុខដឹកនាំដ៏ឈ្លាសវ៉ៃ បានដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់សុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យដូចសព្វថ្ងៃនេះ មានដូចជា ផ្លូវ ទឹក ភ្លើង ស្ពាន សាលារៀន មន្ទីរពេទ្យជាដើម ដូច្នេះស្នាដៃរបស់សម្ដេចតេជោបានធ្វើឲ្យយុវជនជំនាន់ក្រោយមានការកោតសរសើរ និងចងចាំជានិច្ចចំពោះការដឹកនាំដ៏ប៉ិនប្រសព្វ ធ្វើអោយប្រទេសជាតិមានការអភិវឌ្ឍន៍ និងរីកលូតលាស់បន្តទៅមុខទៀត។