រយៈពេល៤ឆ្នាំ កម្ពុជាបណ្ដេញចេញ ជនបរទេសខុសច្បាប់បានចំនួនជាង ១ម៉ឺន៥ពាន់នាក់

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជួន បូណា ៖

អគ្គនាយកនៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានអះអាងថា ចាប់តាំងពីឆ្នាំ២០១៤ មកដល់២០១៨ កម្ពុជាបានបណ្ដេញចេញ ជនបរទេសខុសច្បាប់ ប្រមាណជា១៥,០០០នាក់ បន្ទាប់ពីជនបរទេសទាំងនេះប្រព្រឹត្ដបទល្មើស និងរស់នៅខុសច្បាប់នៅកម្ពុជា។


ក្រោយបញ្ចប់កិច្ចប្រជុំការងារ ដកហូតឯកសារ រដ្ឋបាលកម្ពុជាមិនប្រក្រតី ដែលជនបរទេសកំពុងកាន់កាប់ និងការទទួលពាក្យសុំ ជាជនបរទេសអន្ដោប្រវេសន៍ នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩នេះ ឯកឧត្តមនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នៃក្រសួងមហាផ្ទៃ មានប្រសាសន៍ថា រហូតមកដល់ពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានដកហូតឯកសារមិនប្រក្រតីដែលកាន់កាប់ ដោយជនបរទេស ជាង៣ម៉ឺនក្បាល មាន១០សញ្ជាតិ ក្នុងនោះជនជាតិវៀតណាមច្រើនជាងគេ រហូត៩០ភាគរយ។


ឯកឧត្តមបញ្ជាក់ថា តាំងពីឆ្នាំ២០១៤ មកដល់២០១៨ កម្ពុជាបានបណ្ដេញចេញ ជនបរទេសខុសច្បាប់មាន៤០សញ្ជាតិ ដោយមានចំនួន ប្រមាណជា១៥,០០០នាក់ ហើយ ជនបរទេស ដែលប្រព្រឹត្ដបទល្មើស និងរស់នៅខុសច្បាប់នៅកម្ពុជាច្រើនជាងគេ គឺមាន៣សញ្ជាតិ មានដូចជា ចិន វៀតណាម និងនីហ្សេរីយ៉ា។
ឯកឧត្តមបានបញ្ជាក់ទៀតថា ក្រោយពីកម្ពុជារកឃើញជនជាតិដែលប្រព្រឹត្ដបទល្មើស និងរស់ខុសនៅកម្ពុជានេះ អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានធ្វើការបញ្ជូនជនជាតិទាំងនោះ ទៅប្រទេសរបស់ពួកគេវិញ ដើម្បីអនុវត្ដន៍តាមនីតិវិធីច្បាប់ ក្នុងការធានាសន្ដិសុខ សុវត្ដិភាព ដល់ប្រជាពលរដ្ឋ។ជាមួយគ្នានេះ ប្រទេសកម្ពុជា បានបើកទូលាយគ្រប់លជាតិសាសន៍ ដើម្បីរស់នៅ និងប្រកបមុខរបបចិញ្ចឹមជីវិត តែត្រូវគោរពតាមច្បាប់របស់កម្ពុជា។
សូមបញ្ជាក់ថា នៅឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជាបណ្ដេញចេញ ជនបរទេសខុសច្បាប់ ប្រមាណជាង៣,០០០នាក់៕