គិតត្រឹមឆ្នាំ២០១៨កន្លងមក កម្ពុជាបានបណ្តាញជនបរទេសខុសច្បាប់ជាង១ម៉ឺននាក់ ចេញពីកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ — អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា បានបើកកិច្ចប្រជុំស្ដីពីការងារដកហូតឯកសាររដ្ឋបាល កម្ពុជា​មិនប្រក្រតី ដែលជនបរទេសកំពុងកាន់កាប់ និងការទទួលពាក្យសុំជាជនបរទេស អន្ដោប្រវេសន្ដ កាលពីព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងមហាផ្ទៃ។

មន្រ្ដីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានអះអាងថា ចាប់ពីឆ្នាំ២០១៤ រហូតដល់​ឆ្នាំ២០១៨កន្លងមកនេះ សមត្ថកិច្ចកម្ពុជាបានបណ្តេញជនបរទេសខុសច្បាប់ចំនួន ១៥.០០០ នាក់ ​ក្នុងឆ្នាំ​២០១៨ ដែលភាគច្រើនចិន និងវៀតណាម។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយកិច្ចប្រជុំនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានលើកឡើងថា ពាក់ព័ន្ធនឹងការដក​ហូតឯកសារមិនប្រក្រតី ដែលជនបរទេសកំពុងកាន់កាប់នោះ គឺមានចំនួនប្រមាណ៩០​ភាគរយ ស្មើនឹងជាង៣ម៉ឺនក្បាល ដែលមាន១០សញ្ជាតិ ក្នុងនោះជនជាតិវៀតណាម​ច្រើន​ជាងគេ រហូត៩០ភាគរយ។ ឯកឧត្តម នាយឧត្តមសេនីយ៍បន្តថា ឯកសារមិនប្រក្រតីទាំងនោះ រួមមាន សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ អត្ដសញ្ញាណប័ណ្ណ សំបុត្រកំណើត លិខិតឆ្លង ដែនជាដើម។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យស្ដីពីការលុបចោល និងដក ហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី ដែលជនបរទេសកំពុងកាន់កាប់ប្រើប្រាស់ កាលពីខែ សីហា ឆ្នាំ២០១៧ កន្លងមក ដែលរហូតមកដល់បច្ចុប្បន្ន សមត្ថកិច្ចពាក់ព័ន្ធកំពុងតែអនុវត្ដន៍ យ៉ាងម៉ឺងម៉ាត់បំផុត៕

ដោយ ចាន់ សុធីវង្ស