កិច្ចប្រជុំកំពូលសេដ្ឋកិច្ចអារ៉ាប់បើកធ្វើក្នុងប្រទេសលីបង់

AKP ភ្នំពេញ ថ្ងៃទី២១ ខែមករា  ឆ្នាំ២០១៩ — កិច្ចប្រជុំកំពូលអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមអារ៉ាប់លើកទី៤ បានចាប់ផ្តើមកាលពីថ្ងៃអាទិត្យ នៅក្នុង រដ្ឋធានីបេរុតរបស់ប្រទេសបឱ្យលីបង់ ។ប្រធានាធិបតីលីបង់ លោក មីសែល អាអ៊ូន ( Michel Aoun ) បាននិយាយនៅពេលថ្លែងសុន្ទរកថាបើកថា យើងជួបប្រជុំគ្នានៅទីក្រុងបេរុត ដើម្បីដោះស្រាយការប្រកួតប្រជែងសេដ្ឋកិច្ច ដែលប្រឈមមុខនឹងប្រទេសរបស់យើង… យើងមិនចង់ធ្វើការពិភាក្សាគ្នាពីហេតុផលនៃសង្គ្រាមទេ ។ យើងចង់ដោះស្រាយផលវិបាកនៃសង្គ្រាមចំពោះសេដ្ឋកិច្ចនិងកំណើនរបស់ប្រទេសយើង ។

លោក អ៊ូន បាននិយាយថា ជនភៀសខ្លួនជាច្រើនត្រូវបានទទួលនៅក្នុងបណ្តាប្រទេសនានា ដែល រួមមានទាំងប្រទេសលីបង់ផង ដែលកំពុងទទួលរងខាងសេដ្ឋកិច្ចនោះ ដោយលោកនិយាយបន្ថែមថា កិច្ចប្រជុំកំពូលនេះ នឹងចេញសេចក្តីថ្លែងការណ៍ចុងក្រោយ មួយអំពីវិបត្តជនភៀសខ្លួន ព្រមទាំងឥទ្ធិពលរបស់វាលើសេដ្ឋកិច្ច ។ លោកប្រធានាធិបតីក៏បានស្នើផងដែរ ឱ្យបង្កើតមូលនិធិអារ៉ាប់មួយ  សម្រាប់ស្ថាបនាឡើងវិញ ប្រទេសនានា ដែលជួបប្រទះនឹងសង្គ្រាម ព្រមទាំងការបំផ្លិចបំផ្លាញនោះ  ។

ថ្វីបើយ៉ាងហោចណាស់មានប្រមុខរដ្ឋ៨រូប ត្រូវគេរំពឹងថា នឹងមកកាន់ក្រុងបេរុតនោះ ក៏ដោយ ក៏មានតែអេមៀរ ប្រទេសកាតា និងប្រធានាធិបតីប្រទេសម៉ូរីតានីប៉ុណ្ណោះកំពុងចូលរួមនៅក្នុងព្រឹត្តិការណ៍នេះ ។ បណ្តាប្រទេសចូលរួមដទៃទៀត បានបញ្ជូនគណៈប្រតិភូថ្នាក់រដ្ឋមន្ត្រីទី២ និងទី៣របស់ខ្លួនមកតែ ប៉ុណ្ណោះ ។

ប្រទេសស៊ីរីមិនត្រូវបានគេអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូល ដែលរៀបចំឡើងដោយសម្ព័ន្ធ        អារ៉ាប់ ( AL) ទេ នៅពេលដែលសមាជិកភាព AL របស់ប្រទេសនេះត្រូវបានគេផ្អាក កាលពីក្នុងខែវិច្ឆិកា ឆ្នាំ ២០១១ ដោយសារការកើនឡើងការខូចខាតក្នុងការប៉ះទង្គិចគ្នាដោយហិង្សា ក្នុងអំឡុងធ្វើការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាល ។

នៅមុនកិច្ចប្រជុំកំពូលនេះ រដ្ឋមន្ត្រីការបរទេសលីបង់ លោក ជេប្រេន បាស៊ីល (  Gebran Bassil ) បានអំពាវនាវដោយចំហដល់ AL ឱ្យប្រទេសស៊ីរីចូលមកវិញ ដោយឡែកប្រមុខ AL លោក អាម៉េដ អាប៊ុល-ហ្គេត (Ahhmed Aboul-Ghait  ) បាននិយាយថា រដ្ឋសមាជិក AL មិនបានសម្រេចនូវការមូលមតិគ្នាមួយ ស្តីពីការ ត្រឡប់មកកាន់អង្គការមានសមាជិក២២ ប្រទេស​វិញរបស់ប្រទេសស៊ីរីទេ ។

កិច្ចប្រជុំកំពូលសេដ្ឋកិច្ចអារ៉ាប់ ដែលធ្វើឡើងថ្នាក់ប្រមុខរដ្ឋ ដើម្បីដោះស្រាយបញ្ហាការអភិវឌ្ឍសេដ្ឋ កិច្ច និងសង្គមក្នុងចំណោមរដ្ឋជាសមាជិកនោះ គឺជាការផ្តើមមុខមួយសម្រាប់កិច្ចប្រជុំកំពូល AL ដែលនឹងធ្វើនៅក្នុងប្រទេសទុយនេស៊ី ក្នុងខែមីនា ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)