យោធាអ៊ីស្រាអែលថា បានបាញ់ទម្លាក់រ៉ុក្កែតស៊ីរី

AKP ភ្នំពេញ ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ — យោធាអ៊ីស្រាអែលបាននិយាយពីថ្ងៃអាទិត្យថា ខ្លួនបានស្ទាក់ចាប់រ៉ុក្កែតមួយ ដែលបាញ់សំដៅទៅ     ខ្ពង់រាបហ្គោឡង់ភាគខាងជើង ។ អ្នកនាំពាក្យយោធាម្នាក់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដោយគ្មានបរិយាយ ស្តីពីកាលៈទេសៈនោះថា រ៉ុក្កែតមួយគ្រាប់ត្រូវបានគេបាញ់ទៅលើខ្ពង់រាបហ្គោឡង់ ហើយត្រូវបានស្ទាក់ចាប់ដោយ ប្រព័ន្ធការពារអាកាស Iron Dome  ។

សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងប្រហែលមួយម៉ោងបន្ទាប់ពីទូរទស្សន៍ផ្លូវការស៊ីរីរាយការណ៍ថា ប្រព័ន្ធការពារអាកាសក្នុងប្រទេសស៊ីរីភាគខាងត្បូង បានធ្វើឱ្យខកខានការវាយប្រហារពីអាកាសមួយរបស់  អ៊ីស្រាអែល។

អ៊ីស្រាអែលនិយាយថា យោធាខ្លួនបានធ្វើការវាយប្រហារពីអាកាសរាប់រយលើកក្នុងប៉ុន្មានឆ្នាំថ្មីៗ នេះ ទៅលើទីតាំងយោធាអ៊ីរ៉ង់ និងស៊ីរីនៅក្នុងប្រទេសដែលហែកហួរដោយសង្គ្រាមនេះ បន្ថែមទៅនឹងការទម្លាក់គ្រាប់បែកលើក្បួនរថយន្តដឹកគ្រឿងសព្វាវុធទៅឱ្យពួកហេសបូឡា ជាកងជីវពលស៊ីអ៊ីតលីបង់មួយ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )