ឯកឧត្ដម អូស្មាន ហាស្សាន់ ទទួលទានអាហារសាមគ្គី ជាមួយគណៈប្រតិភូសាធារណរដ្ឋឥណ្ឌូណេស៊ី

AKP ភ្នំពេញ ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ -ឯកឧត្ដម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស បានមានប្រសាសន៍ថា ជំនួបពិសាអាហារសាមគ្គី ជាមួយគណៈប្រតិភូសាធារណរដ្ឋឥណ្ឌូណេស៊ី មកពីស្ថាប័នព្រឹទ្ធសភា រដ្ឋសភា និងរដ្ឋាភិបាល ដឹកនាំដោយ ឯកឧត្ដម Pak Agung Laksono អតីតប្រធានរដ្ឋសភាឥណ្ឌូណេស៊ី នៅពេលនេះ គឺជាការបង្ហាញអំពីភាតរភាព និងទំនាក់ទំនងជិតស្និទ្ធយូរអង្វែងរវាងគណៈប្រតិភូស្ថាប័នកំពូលឥណ្ឌូណេស៊ី ជាមួយភាគីកម្ពុជា ក៏ដូចជាសហគមន៍ខ្មែរអ៊ិស្លាម។

ឯកឧត្ដម អូស្មាន ហាស្សាន់ បានមានប្រសាសន៍បែបនេះ ក្នុងពិធីជំនួបពិសាអាហារសាមគ្គី ជាមួយគណៈ ប្រតិភូឥណ្ឌូណេស៊ី កាលពីល្ងាចថ្ងៃសៅរ៍ ១៤កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ នៅលើកាណូត ក្នុងផ្ទៃទឹកទន្លេចតុមុខ រាជធានីភ្នំពេញដោយមានការចូលរួមពីឯកឧត្ដម សុះ កំរ៉ី ចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់នៃសាសនាអ៊ិស្លាមកម្ពុជារួមជាមួយថ្នាកដឹកនាំមកពីស្ថាប័នរដ្ឋសភាជាតិ និងថ្នាក់ដឹកនាំបណ្តាក្រសួងនានាជាច្រើនរូបទៀត ។

ឯកឧកត្ដម ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ បានបន្តថា  ជំនួបអាហារសាមគ្គីនេះ គឺជាការបង្ហាញអំពីទំនាក់ទំនងយ៉ាងជិតស្និទ្ធ រវាងស្ថាប័នកំពូលរបស់ឥណ្ឌូណេស៊ី ជាមួយភាគីកម្ពុជា ក្រោយគណៈប្រតិភូបានបញ្ចប់ដោយជោគជ័យ ពីការចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ នៃវេទិកាសភាអាស៊ី ប៉ាស៊ីហ្វិក(APPF) និងកិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ី(ACC) នៅលើទឹកដីប្រវត្តិសាស្រ្តអង្គរ ចាប់ពីថ្ងៃទី១៤ ដល់ ១៦ ខែមករា ឆ្នាំ២០១៩កន្លងទៅថ្មីៗនេះ ។

ឯកឧត្ដម អូស្មាន ហាស្សាន់ បានរម្លឹកថា  នៅកិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) កន្លងទៅនេះ ក៏មានចូលរួមពីអនុប្រធានាធិបតីឥណ្ឌូណេស៊ី ឯកឧត្ដម បណ្ឌិត Jusuf Muhammad Kalla និង​ លោកជំទាវ ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ នៃវេទិកាសភាអាស៊ី ប៉ាស៊ីហ្វិក(APPF) និងកិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ី(ACC) ហើយបានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគារ Lotus Blanc ទីក្រុងសៀមរាបផងដែរ ៕

ដោយសួស សំរិត