សម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញទៅដល់ទីក្រុងប៉េកាំង ប្រកបដោយសុវត្តិភាព សម្រាប់ដំណើរបំពេញទស្សនកិច្ចផ្លូវការនៅ៣ថ្ងៃ សាធារណរដ្ឋប្រជាមានិតចិន

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជៀង​ យ៉ា​រ៉េត​៖


សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង គណះប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញទៅដល់ទីក្រុងប៉េកាំងហើយ កាលពី​វេ​លាម៉ោង១៤និង២០នាទី ម៉ោងនៅទីក្រុងប៉េកាំង ត្រូវនឹងម៉ោង១៣និង២០នាទី ម៉ោងក្នុងប្រ​ទេស​កម្ពុជា សម្រាប់ដំណើរ​បំពេញទស្សនកិច្ចផ្លូវការ រយះពេល៣ថ្ងៃ នៅសាធារណរដ្ឋ​ប្រជា​មា​និត​​ចិន។
តាមសេចក្តីរាយការណ៍របស់អ្នកយក​ព័ត៌មានពិសេស របស់​អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា បានឲ្យដឹងថា  យន្តហោះពិសេសរបស់ព្រះរាជាណាចក្រកម្ពុជា បានធ្វើការចុះចតប្រកបដោយ​សុវត្តិ​ភាព នៅអាកាសយានដ្ឋានអន្តរជាតិទីក្រុងប៉េកាំង ក្រោមវត្តមាននៃការធ្វើគារវកិច្ចស្វាគមន៍ យ៉ាង​ស្និទ្ធស្នាល និងរ៉ាក់ទាក់បំផុត ពីឯកឧត្តម ខុង សៀនយ៉ូ អនុរដ្ឋមន្រ្តីក្រសួងការបរទេសចិន ឯក​ឧត្តម វ៉ាង វិនធៀន (Wang Wentian) ឯកអគ្គរដ្ឋទូតវិសាមញ និងពេញសមត្ថភាព នៃសា​ធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា លោកជំទាវ ខែក កែម៉ាលី ស៊ីសូដា ឯក អគ្គ​រាជទូតវិសាមញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋ​ប្រជា​មា​និត​ចិន ព្រមទាំងវត្តមាន ឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាលចិន និង​ឥស្សរ​ជនការទូត របស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន ជាច្រើនរូប។
ដំណើរបំពេញទស្សនកិច្ចផ្លូវការ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណះប្រតិភូជាន់ ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជា ទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិននៅពេលនេះ គឺឆ្លើយតបតាមការ អញ្ជើញពីឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្រ្តីចិន ដែលនឹងចាប់ផ្តើមឡើង នៅថ្ងៃទី២១​និង​ថ្ងៃទី២២មករា។ សម្រាប់ដំណើរបំពេញទស្សនកិច្ចផ្លូវរយះពេល៣ថ្ងៃ នៅទីក្រុងប៉េកាំង សម្តេចតេជោនាយករដ្ឋមន្រ្តី និងជួប​ពិភាក្សាជាមួយបណ្តាថ្នាក់ដឹកនាំកំពូលៗ របស់ប្រទេសចិន ដូច​ជាឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង ឯកឧត្តមនាយករដ្ឋមន្រ្តី លី ខឺឈាង ឯកឧត្តម​ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន វ៉ាង យ៉ាង ឯកឧត្តមប្រធានគណះកម្មាធិការអចិ​ន្រៃ្តយ៍ នៃសភាប្រជាជនចិន ឯកឧត្តម សុង តាវ រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងអន្តរជាតិ មជ្ឈឹម​បក្សកុម្មុយនីស្តចិន ព្រមទាំងបណ្តាក្រុមហ៊ុនវិនិយោគចិន ជាច្រើនទៀត។ គូបញ្ជាក់ដែរថា នេះគឺ​ជាដំណើរបំពេញទស្សនកិច្ចផ្លូវការ ក្រៅប្រទេសលើកទី១ នៅដើមឆ្នាំ២០១៩ របស់សម្តេចតេ​ជោនាយករដ្ឋមន្រ្តី។ ឯកសារសំខាន់ៗចំនួន៨ គ្រោងនិងចុះហត្ថលេខានៅចំពោះប្រមុខថ្នាក់ដឹកនាំ រដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា ចិន បន្ទាប់ពីបញ្ចប់ជំនួបពិភាក្សាទ្វេភាគី ដែលធ្វើឡើងនៅ ថ្ងៃទី២២មករាខាងមុខ។ ដំណើរបំពេញទស្សនកិច្ចផ្លូវការ ទៅកាន់ក្រៅប្រទេសនេះទៀតសោត គឺ​ដើម្បី​ពង្រឹងនិងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការលើវិស័យ​នយោ​បាយ សេដ្ឋកិច្ច ពាណិជ្ជ​កម្ម និង​ការទាក់ទាញអ្នកវិនិយោគទុន ពីប្រទេសចិនមកកាន់ប្រទេសកម្ពុជា ដើម្បីជំរុញកំណើន​នៃការ​អភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ក្នុងប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើនរឹងមាំទ្វេឡើង​ថែម​ទៀត​៕