មន្ត្រីមន្ទីរវប្បធ៌មនឹងវិចិត្រសិល្បៈខេត្តស្ទឹងត្រែងចុះបញ្ជីភ្នំក្ងោកមាស ទុកជាសម្បត្តិជាតិ

វិទ្យុជាតិកម្ពុជា៖ ដោយ ៖លោក អ៊ាន គឹមហឿន ប្រចាំខេត្តស្ទឹងត្រែង ៖

មន្ត្រីមន្ទីរវប្បធ៌មនឹងវិចិត្តសិល្បៈខេត្តស្ទឹងត្រែង រួមជាមួយមន្ត្រីស្ថាប័នពាក់ព័ន្ធចុះពិនិត្យសម្បត្តិវប្បធ៌មនៅ(ភ្នំក្ងោកមាស)ដែលមានអាយុកាលមុនសម័យអង្គរ នឹងមានប្រវត្តិពាក់ព័ន្ធទៅនឹងអ្នកក្លាហានការពារទឹកដីរបស់មនុស្សជំនាន់ដើម ដើម្បីធ្វើការចុះបញ្ជីទុកជាសម្បតិជាតិ ។


ក្នុងឱកាសចុះពិនិត្យសម្បត្តិវប្បធ៌មនៅ(ភ្នំក្ងោកមាស)នៅភូមិឆ្វាំងឃុំសំអាងស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែងកាលពីថ្ងៃទី១៧មករាឆ្នាំ២០១៩លោកស្រី ញ៉ោច សារឿនប្រធានស្តីទីមន្ទីរវប្បធ៌មនឹងវិចិត្រសិល្បៈខេត្តបានបញ្ជាក់ថា៖នេះជាសម្បត្តិមហាសាលមួយដែលយើងត្រូវតែរួមគ្នាអភិរក្ស ហើយមន្ទីរនឹងចុះទៅក្នុងបញ្ជីរក្សាទុកជាសម្បត្តិជាតិកុំឱ្យជនខិលខូចឡើងទៅជីកកកាយរាវរកវត្ថុបុរាណ។ លោកស្រីថា៖បន្ទាប់ពីបានមកពិនិត្យជាក់ស្តែងយើងឃើញមានភស្តុតាងបង្ហាញថានៅក្នុងភ្នំនេះ ជាទីកន្លែងលាក់ខ្លួន ដែលយើងអាចចាត់ទុកថាជាកន្លែងមនុស្សជំនាន់ដើមរស់នៅ។
(សំឡេង) នាងខ្ញុំទៅវិញនិងធ្វើរបាយការណ៍ ផ្ញើទៅក្រសួងដើម្បីអភិរក្យតំបន់នេះ ដោយសារបន្សល់ទុកមកជាយូរឆ្នាំមកហើយ ដើម្បីថែរក្សាទុកតំបន់នេះទុក តទៅអនាគត ។


លោកកែវ សុភាព អនុប្រធានសហគមន៍អភិរក្សធនធានធម្មជាតិឆ្វាំង បានបញ្ជាក់ថាៈប្រជាសហគមន៍សាទរ ចំពោះការយកចិត្តទុកដាក់របស់មន្ទីរវប្បធម៌ ព្រោះវាជាមែកធាងមួយថ្មីទៀតនាំទៅរកការអភិរក្សសម្បត្តិធនធានដ៏មានតម្លៃនេះ ឲ្យស្ថិតនៅគង់វង្សជាដ៏រាប ។ លោកបញ្ជាក់ថា៖បើតាមការនិយាយតៗគ្នាមកតំបន់នេះមានអ្នកក្លាហានប្រើសត្វដំរីជាយានជំនិះនិងប្រើដាវជាអាវុធការពារទឹកដីរបស់ខ្មែរយើង ព្រោះមានបន្សល់ទុកនៅស្លាកស្នាមផ្សេងៗជាច្រើន ដូចយើងបានមកឃើញនេះ ។


(សំឡេង) អញ្ចឹងបានមានត្រពាំង និងស្លាកស្នាមដែលគេនិយាយ កន្លែងព្រះនាងគង់ធ្លាក់ជំនាន់ស្តេចពីដើម ដឹងខ្លះៗតែប៉ុណ្ណឹង យើងអត់មានឯកសារអីក៏អត់មានដែរ និយាយតៗគ្នាហើយពាក់ព័ន្ធ និងពាង ខ្លះគេបាននិយាយថា ជាធាតុរបស់អ្នកក្លាហានមានគុណបំណាច់យកមកទុក ព្រោះសម័យកាលនោះ អត់ទាន់ធ្វើបានព្រះវិហារ ធ្វើបានចេតីអីទេ អញ្ចឹងយកមកទុកលើល្អាងភ្នំជាទីសក្ការៈរបស់គេតែម្តង ។
លោក ទេព ថុន ជាជនជាតិគួយរស់នៅជិតតំបន់នេះ បានទទួលស្គាល់ថា៖ នៅក្នុងភ្នំក្ងោកមាស ពិតជាមានស្លាកស្នាមមួយចំនួនបង្ហាញភស្តុតាង របស់មនុស្សសម័យដើមរស់នៅមែន ដូចជាផ្ទាំងសិលាចារឹក- ចង្ក្រានដាំបាយ- ពាងទឹក-នឹងល្អាងស្នាក់នៅជាដើម ។
លោកអះអាងថា៖ សម្បត្តិធនធានដែលមាននេះ លោកនឹងចូលរួមសហការជាមួយសមត្ថកិច្ចពាក់ពន្ធ ជួយថែរក្សាឲ្យបានគង់វង្សមិនឲ្យជនខិលខូចមកគាស់កកាយទេ ព្រោះវាមានប្រយោជន៍ចំបងសំរាប់បំរើឲ្យវិស័យទេសចរណ៍ ។ សូមបញ្ជាក់ថា៖ តំបន់ភ្នំក្ងោកមាសមានល្អាងថ្មចំនួន២៩កន្លែង ហើយ មន្ទីរវប្បធម៌ និងសិល្បៈខេត្ត ដាក់បញ្ចូលក្នុងបញ្ជីជាសម្បត្តិបិតិកភណ្ឌជាតិ ដើម្បី រួមគ្នាទុកឲ្យកូនចៅជំនាន់ក្រោយ ក៏ដូចជាភ្ញៀវជាតិ អន្តរជាតិ បានឃើញនិងបានស្គាល់ ៕