អ៊ីរ៉ង់ប្តេជ្ញាទុកពួកទីប្រឹក្សា និងគ្រឿងសព្វាវុធក្នុងប្រទេសស៊ីរី  

AKP ភ្នំពេញ ថ្ងៃទី១៨ ខែមករា  ឆ្នាំ២០១៩ — ទូរស្សន៍ Press TV រាយការណ៍ពីថ្ងៃព្រហស្បតិ៍ថា ប្រមុខមេបញ្ជាការអង្គភាពឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់    ( IRGC ) បាននិយាយថា អ៊ីរ៉ង់នឹងទុកទីប្រឹក្សាយោធា និងអាវុធធុនធ្ងន់របស់ខ្លួនក្នុងប្រទេសស៊ីរីទោះបីជាមានការគំរាមកំហែងរបស់អ៊ីស្រាអែលក៏ដោយ ។

ប្រមុខមេបញ្ជាការ IRGC  លោក Mohammad Ali Jafari ត្រូវបានគេដកស្រង់សម្តីដែលនិយាយថា យើងនឹងការពារពួកទីប្រឹក្សាយោធាទាំងអស់ក៏ដូចជាគ្រឿសព្វាវុធ និងគ្រឿងសម្ភារបរិក្ខា ដែលយើងបានដាក់ពង្រាយក្នុងប្រទេសស៊ីរី ដើម្បីពង្រឹងកម្លាំងដល់ពួកយុទ្ធជនតស៊ូអ៊ីស្លាម ព្រមទាំងគាំទ្រដល់ប្រជាជន ប្រទេសអ៊ីស្លាមនេះ ។

លោក Jafari  បាននិយាយក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែងថ្មីធ្វើឡើងដោយនាយករដ្ឋមន្ត្រី    អ៊ីស្រាអែល លោក បេនចាមីន នេតាន់យ៉ាហ៊ូ ថា ការគំរាមកំហែងដែលគួរឱ្យអស់សំណើនេះគ្មានន័យអ្វី ដល់យើងឡើយ ។ កាលពីថ្ងៃអង្គារ លោក នេតាន់យ៉ាហ៊ូ បានទទូចដល់អ៊ីរ៉ង់ឱ្យចេញពីប្រទេសស៊ីរីឱ្យរហ័ស ឬ អ៊ីស្រាអែលនឹងមិនបញ្ឈប់ធ្វើការវាយប្រហារទេ ។

លោកបានបញ្ឈប់អះអាងនៅមុននេះថា យន្តហោះប្រយុទ្ធអ៊ីស្រាអែលបានធ្វើការវាយប្រហារទីតាំងអ៊ីរ៉ង់ ជាច្រើននៅក្នុងប្រទេសស៊ីរីកាលពីចុងសប្តាហ៍កន្លងទៅនេះ ។  ប្រទេសអ៊ីរ៉ង់បានប្តេជ្ញារក្សាទុកពួកទីប្រឹក្សាយោធាក្នុងប្រទេសស៊ីរី ដើម្បីផ្ចាញ់ពួកភេរវជន  ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )