ប្រទេសជាសមាជិក​អង្គការសហប្រជាជាតិជំពាក់បំណុល២ពាន់លានដុល្លារក្នុងប្រតិបត្តិការថែរក្សាសន្តិភាព

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (១៨.០១.១៩)

អង្គការសហប្រជាជាតិ៖ បណ្តាប្រទេសជាសមាជិកអង្គការសហប្រជាជាតិបានជំពាក់មូលនិធិសម្រាប់ចំណាយក្នុងប្រតិបត្តិការថែរក្សាសន្តិភាពជិត២ ពាន់លានដុល្លារអាមេរិក ។ អគ្គលេខាធិការអង្គការសហប្រជាជាតិលោកអង់តូនីញូ ហ្គុយទែរ៉េស​បាននិយាយ ថាសហរដ្ឋអាមេរិកមានទំនួលខុសត្រូវជាងមួយភាគបីនៃបំណុលនេះ។

លោក អគ្គលេខាធិការអង្គការសហប្រជាជាតិ ក៏បាននិយាយផងដែរថាទោះបីជាប្រទេសជាសមាជិកចំនួន ១៥២ បានបង់ថវិការបានគ្រប់នូវអ្វីដែលពួកគេជំពាក់​អង្គការសហប្រជាជាតិក្នុងកញ្ចប់ថវិកា​ឆ្នាំ ២០១៨ក៏ដោយក៏នៅតែមានបំណុលច្រើនជាង៥២៨ លានដុល្លារទៀតប្រទេសជាសមាជិក នៅមិនទាន់បង់ ។

សហរដ្ឋអាមេរិកត្រូវបង់ចំនួន ២២ ភាគរយនៃកញ្ចប់ថវិកា ៥,៤ ពាន់លានដុល្លារសម្រាប់ឆ្នាំ ២០១៨ និង ២០១៩ហើយច្រើនជាង ២៨ ភាគរយនៃចំនួន ៦,៧ ពាន់លានដុល្លារ ដែលជាថវិកាសម្រាប់ប្រតិបត្តិការថែរក្សាសន្តិភាព​សម្រាប់ឆ្នាំនេះ ចាប់ពីដើមឆ្នំា រហូតដល់ថ្ងៃទី ៣០ ខែមិថុនា។

​ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបាននិយាយថាក្រុងវ៉ាស៊ីនតោនកំពុងទទួលបន្ទុកដោយអយុត្តិធម៌នូវការចំណាយរបស់អង្គការសហប្រជាជាតិហើយបានជំរុញឱ្យគ្រប់ស្ថាប័នលើពិភពលោកធ្វើកំណែទម្រង់ប្រតិបត្តិការ។