បេសកជនកូរ៉េខាងជើងទៅដល់សហរដ្ឋអាមេរិកដើម្បីពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (១៨.០១.១៩)

អាមេរិក៖ បេសកជនកូរ៉េខាងជើងមួយរូបបានមកដល់ទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃព្រហស្បតិ៍ដើម្បីជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោកម៉ែក ប៉ុមប៉េអូ​ ព្រមទាំងអាចមានឱកាសជួបជាមួយលោកដូណាល់ត្រាំផងដែរ ។គោលបំណងក្នុងដំណើរទស្សនកិច្ចនេះគឺត្រៀមសម្រាប់កិច្ចប្រជុំកំពូលរវាងអាម៉េរិកនិងកូរ៉េខាងជើងលើកទី ២ ។

បេសកជនរូបនេះបានទៅដល់អាមេរិកចំថ្ងៃដែលលោកត្រាំបានបង្ហាញពីយុទ្ធសាស្រ្តការពារកាំជ្រួចមីស៊ីលថ្មីរបស់អាមេរិកដោយបានជ្រើសរើសយកកូរ៉េខាងជើងថាជាការគំរាមកំហែងដ៍ខ្លាំងមួយ​ ។ លោកត្រាំបានលើកឡើងពីយុទ្ធសាស្ត្រការពារកាំជ្រួចនេះ
ប្រាំពីរខែបន្ទាប់ពីគាត់បានប្រកាសអំពីកិច្ចប្រជុំកំពូលលើកដំបូងរបស់គាត់ជាមួយលោកគីមជុងអ៊ុនថាការគំរាមកំហែងរបស់កូរ៉េខាងជើងត្រូវបានលុបបំបាត់ហើយ។

លោកគីម យ៉ុងចុល​បេសកជនចរចារបស់ក្រុងព្យុងយ៉ាងក្នុងកិច្ចចរចានុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក​នឹងជួបប្រជុំជាមួយរដ្ឋមន្រ្តីការបរទេសអាមេរិក ហើយក៏អាចធ្វើដំណើរទៅកាន់សេតវិមាននៅថ្ងៃសុក្រនេះផងដែរ។នេះជាសញ្ញាមួយបង្ហាញពីសក្តានុពលនៃកិច្ចប្រឹងប្រែងការទូតដែលបានលេចឡើងអស់រយៈពេលជាច្រើនខែមកហើយរវាងប្រទេសទាំងពីរ។