ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា ជំរុញអាជ្ញាធរពាក់ព័ន្ធក្នុង​ខេត្តបន្ទាយមាន​ជ័យ​​ត្រូវបន្តការខិតខំ​ពង្រឹង​ការអនុវត្តយុទ្ធសាស្ត្រ​ចតុកោណដំណាក់កាលទី៤

AKP បន្ទាយមានជ័យ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ -ប្រធានគណៈកម្មការទី៧នៃ​រដ្ឋសភាឯកឧត្តម​ហ៊ុនម៉ានីបានជំរុញអាជ្ញាធរពាក់ព័ន្ធគ្រប់​ជាន់ថ្នាក់នៅក្នុងខេត្តបន្ទាយមានជ័យ ​ ត្រូវបន្តខិតខំពង្រឹងការអនុវត្តយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ ដែលជាឯកសារគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៦ នៃរដ្ឋសភានេះឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីនាំមកនូវវឌ្ឍនភាព និងសមិទ្ធផលថ្មីៗ ជូនប្រជាជន និងប្រទេសកម្ពុជាទាំងមូល។

ការថ្លែងបែបនេះរបស់ឯកឧត្តម​ ហ៊ុន ម៉ានី ក្នុងឱកាសដឹកនាំប្រតិភូគណៈកម្មការទី៧​នៃ​រដ្ឋសភា(គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍) ​ជួបពិភាក្សាការងារជាមួយអាជ្ញាធរមន្ទីរពាក់ព័ន្ធនៃខេត្តបន្ទាយមានជ័យ ដើម្បីឈ្វេងយល់ពី​សភាពការណ៍រួមរបស់ខេត្តក៏ដូច បណ្តាលវិស័យ អប់រំ ទេសចរណ៍ វប្បធម៌វិចិត្រ​សិល្បៈ ធម្មការនិងសាសនានៅ​សាលប្រជុំសាលាខេត្តកាលពីថ្ងៃព្រហស្បតិ៍ ១២​កើត​ ខែបុស្ស​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស២៥៦២​ ត្រូវនឹងថ្ងៃទី១៧​ ខែមករា​ ឆ្នាំ២០១៩​​នេះ។

ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់បង្ហាញពីបំណងរបស់ប្រតិភូ គណៈកម្មការទី៧ នៃសភាគឺដើម្បីឈ្វេងយល់អំពីការអនុវត្តច្បាប់វឌ្ឍនភាពសំខាន់ៗនិងបញ្ហាប្រឈមនានា ដែលជាប់ពាក់ព័ន្ធជាមួយវិស័យអប់រំយុវជនកីឡាធម្មការសាសនាវប្បធម៌វិចិត្រសិល្បៈនិងទេសចរណ៍និងដើម្បីមានជាពុទ្ធិបន្ថែមទៀតក្នុងការជួយនៅក្នុងតួនាទីរបស់រដ្ឋសភាគឺ ដើម្បីស្វែងរកនូវព័ត៌មានមួយចំនួនហើយនិងជួយរួមចំណែកក្នុងការពន្លឿននិងធ្វើយ៉ាងណាឱ្យការអភិវឌ្ឍនៅក្នុងវិស័យទាំង៤ដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់គណៈកម្មការទី៧នៃរដ្ឋសភានេះឱ្យកាន់តែមានការរីក​ចម្រើនថែមទៀត។

អង្គប្រជុំបានស្តាប់របាយការណ៍ពីរដ្ឋបាលខេត្ត និងមន្ទីរពាក់ព័ន្ធឈ្វេងយល់ពីបញ្ហា​​ប្រឈមនិងយន្តការដោះស្រាយនិងបានចែករម្លែកធាតុចូលជាច្រើនដែលចាំបាច់ក្នុងការជំរុញការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលឱ្យកាន់តែមានប្រសិទ្ធភាព។

អភិបាលខេត្តបន្ទាយមានជ័យឯកឧត្តម ​សួន បវរ​ បានលើកបង្ហាញពីភាពរីកចម្រើន​វិស័យអប់រំនៅខេត្តបន្ទាយមានជ័យដែលបច្ចុប្បន្ននេះនៅទូទាំងខេត្តមានសាលារៀនគ្រប់ភូមិសិក្សាដែលធានាបានដល់ការរៀនសូត្ររបស់កូនចៅប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងនោះ។

វិស័យទេសចរណ៍ខេត្តបន្ទាយមានជ័យក្រៅពីមានច្រកអន្តរជាតិប៉ោយប៉ែតសម្រាប់ស្រូបទាញភ្ញៀវទេសចរបរទេសចេញចូលនោះនៅមានរមណីយដ្ឋានទេសចរណ៍១០កន្លែងក្នុងនោះ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ២គឺប្រាសាទបន្ទាយឆ្មារ បន្ទាយទ័ព រមណីយដ្ឋានធម្មជាតិ៥ កែច្នៃ ៣កន្លែង។ ប៉ុន្តែប្រជាពលរដ្ឋពុំទាន់​មាន​លទ្ធភាព​ទាញ​យក​ផលប្រយោជន៍​ពី​វិស័យ​ទេសចរណ៍​ពី​ភ្ញៀវ​ជាតិ ​និង​អន្តរជាតិ​ព្រោះគ្រាន់តែ​ជា​តំបន់​ឆ្លងកាត់​ហើយ​ពុំ​មាន​លទ្ធភាព​ក្នុង​ការ​កែ​លម្អ​ប្រាសាទ​នានា​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​។

វិស័យវប្បធម៌ និងវិចិត្រសិល្បៈខេត្ត សម្បូរទៅដោយសម្បត្តិរប្បធម៌រូបី និងអរូបីជាច្រើនដែលជាស្នូល​នៃអត្តសញ្ញាណជាតិ។ តែបញ្ហាប្រឈម​នឹង​ការបាត់បង់​ដោយ​ធម្មជាតិ​ ដោយ​ខ្វះ​ការ​ការពារថែទាំនិងមិនយល់ពីតម្លៃវប្បធម៌នៅមានកម្រិតរបស់ប្រជា ពលរដ្ឋ។ ចំពោះមុខ រដ្ឋបាលខេត្តបានជំរុញដល់មន្ទីរជំនាញ​បន្ត​បោះបង្គោល​ព្រំប្រទល់​ទួល​ប្រាសាទទួល​បូរាណ ស្ថានីយ​បូរាណចុះបញ្ជីនិងកំណត់អត្តសញ្ញាណវត្ថុ បូរាណនៅតាម សហគមន៍។ វិស័យធម្មការនិងសាសនាក៏មានការរីកចម្រើនវត្តមានចំនួន២៣៨វត្ត និងអាស្រមចំនួន៨ព្រះសង្ឃ៣៨៩៧អង្គ​សាលារៀនសម្រាប់ព្រះសង្ឃមានពីសាលា ធម្មវិន័យរហូត ដល់សាលា ពុទ្ធិកមធ្យមសិក្សាទុតិយភូមិជាមួយនោះសាសនាដទៃទៀត ក៏មានការរីកម្រើនដែរ៕

ដោយឈុនសារ៉ាត