ក្រសួងប្រៃសណីយ៍ពង្រីកយន្តការបណ្តុះបណ្តាលធនធានមនុស្សឆ្លើយតបនឹងបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហុក​ សុខរិន​៖


ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ចាប់ផ្តើមពង្រីកយន្តការបណ្តុះបណ្តាលធនធានមនុស្សលើជំនាញបច្ចេកវិទ្យា ដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍នៃដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ដែលនឹងត្រូវចាប់ផ្តើមរីកសាយភាយនាឆ្នាំ២០២០ខាងមុខ។
រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានអះអាងថា ក្រសួងបានបញ្ចេញគោលការណ៍៤ចំណុចសំខាន់ៗ ដើម្បីអោយកម្ពុជាក្លាយជាប្រទេសឧស្សាហកម្មជំនាន់ទី៤តាមការគ្រោងទុកនាឆ្នាំ២០២០ខាងមុខ ដែលជួយជំរុញកំណើនសេដ្ឋកិច្ចជាតិយ៉ាងមានប្រសិទ្ធភាព។
ក្នុងពិធីសញ្ញាបត្រថ្នាក់បរិញ្ញាបត្រដល់និស្សិតនៃវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា និងព័ត៌មាននៅព្រឹកថ្ងៃទី១៧ ខែមករានេះ ឯកឧត្តមត្រាំ អ៊ីវតឹក រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានឲ្យដឹងថា គោលការណ៍សសរស្តម្ភទំាង៤នេះរួមមាន ការកសាងហេដ្ឋារចនា សម្ព័ន្ធឌីជីថល រាជរដ្ឋាភិបាលឌីជីថលដោយផ្តោតលើសុវត្ថិភាពអ៊ីនធើណេត ការគាំទ្រក្រុមហ៊ុនឌីជីថលដែលនាំយកបច្ចេកវិទ្យាថ្មីៗមកកាន់កម្ពុជា និងការបណ្តុះបណ្តាលធនធានមនុស្សឆ្លើយតបនឹងការវិវឌ្ឍន៍នៃយុគ្គសម័យឌីជីថល។ ឯកឧត្តមរដ្ឋមន្រ្តីបានអះអាងថា ការសម្របប្រទេសកម្ពុជាចូលទៅក្នុងយុគសម័យឌីជីថលឬបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ គឺមានសារះសំខាន់ណាស់ដែលជំរុញឲ្យ កម្ពុជាក្លាយជាប្រទេសអភិវឌ្ឍន៍ពោលគឺក្លាយជាប្រទេសមានចំនូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។
លោកសេង សុភាព ប្រធានវិទ្យាស្ថានជាតិ ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកទេសគមនាគមន៍និងព័ត៌មានបានឲ្យដឹងថា វិទ្យាស្ថាននេះកំពុងជំរុញការបណ្តុះបណ្តាលធនធានមនុស្សឲ្យស្របនឹងស្តង់ដារសម្រាប់ឈានឆ្ពោះទៅយុគសម័យសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។ លោកអះអាងថា ផ្អែកតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលវិទ្យាស្ថាននេះនឹងជំរុញបេសកកម្មចម្បងធំៗចំនួន៣ គឺបណ្តុះបណ្តាលធនធានមនុស្ស ការស្រាវជ្រាវនិងអភិវឌ្ឍន៍ និងការលើកកម្ពស់លើវិស័យសហគ្រិនភាពផ្នែកបច្ចេកទេសនិងព័ត៌មានវិទ្យា ដែលដើរតួនាទីសំខាន់ក្នុងការអភិវឌ្ឍកម្ពុជានិងការធ្វើសមាហរណកម្មកម្ពុជាទៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះកម្ពុជាចាប់ផ្តើមជំរុញខ្លួនទៅជាប្រទេសសេដ្ឋកិច្ចឌីជីថលតាមលំអានបដិវត្តន៍ឧស្សាហកម្មជំនាញទី៤ ដូចជា ការលក់ទំនិញ ចែកចាយទំនិញតាមអនឡាញ ការផ្ទេរប្រាក់ តាមប្រព័ន្ធបច្ចេកវិទ្យាលឿនរហ័សទាន់ចិត្ត និងការទូទាត់ដោយមិនប្រើក្រដាស់ប្រាក់ ទំាងនេះគឺបានផ្តល់ភាពងាយស្រួលនិងចំណេញពេលវេលា៕