ក្រសួងឧស្សាហកម្មជំរុញការកែលម្អវិស័យឧស្សាហកម្មឲ្យកាន់តែមានភាពរឹងមាំ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ អាត​ ចន្ធូ​៖


ក្រសួងឧស្សាហកម្មនិងសិប្បកម្មជំរុញការកែលម្អវិស័យឧស្សាហកម្មឲ្យកាន់តែរឹងមាំដើម្បីប្រែក្លាយ កម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០តាមការគ្រោងទុក។
រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងសិប្បកម្មបានអះអាងថា ការជំរុញកែលម្អវិស័យឧស្សាហកម្មឲ្យកាន់តែរឹងមាំនេះ បន្ទាប់ពីរាជរដ្ឋាភិបាលបានផ្លាស់ប្ដូររចនាសម្ព័ន្ធសេដ្ឋកិច្ច ពីការពឹងផ្អែកលើវិ ស័យកសិកម្ម ទៅជាការពឹងផ្អែកលើវិស័យឧស្សាហកម្ម ដែលជួយជំរុញកំណើនសេដ្ឋកិច្ចជាតិយ៉ាងមានប្រសិទ្ធិភាព។
ឯកឧត្តម ចម ប្រសិទ្ធិ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងសិប្បកម្មបានមានប្រសាសន៍ថា វិស័យឧស្សាហកម្ម បានរីកចំរើនយ៉ាងខ្លំាង ហើយក្លាយជាចលករកំណើនសេដ្ឋកិច្ចដ៏មានសារសំខាន់ ដែលប្រែក្លាយកម្ពុជាឲ្យក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នាពេលដ៏ខ្លីខាងមុននេះ ។ ឯកឧត្តមបន្ដថា ក្រសួងនឹងបន្ដសិក្សាស្រាវជ្រាវ និងដាក់ចេញនូវវិធានការកែទម្រង់លើការគ្រប់គ្រងវិស័យឧស្សាហកម្ម ជាពិសេសពង្រឹងការអនុវត្តច្បាប់ស្ដីពីការគ្រប់គ្រងឧស្សាហកម្ម។
សំឡេង៖ យើងខ្ញុំសង្ឃឹមថា ដំណើរវិវត្តន៍ប្រកបដោយវិជ្ជមានក្នុងវិស័យកម្មសិទ្ធិឧស្សាហកម្ម នឹងរួមចំណែកដល់ការទាក់ទាញវិនិយោគ ហុចផលប្រយោជន៍ដល់ការបង្កើតបន្ថែមប្រភពចំណូលថវិការជាតិ ។
សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៨កន្លងទៅនេះកម្ពុជា មានរោងចក្រកើតថ្មីចំនួន ១៧៨រោងចក្រគឺកើនឡើង ១៨,៦៧ភាគ បើធៀបនឹងឆ្នាំ២០១៧ ដែលមានរោងចក្រកើតថ្មីតែចំនួន ១៥០ រោងចក្រ។ រោងចក្រដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្មមានសរុបចំនួន ១.៥២៨ រោងចក្រ៕