ប្រធានាធិបតី កេនយ៉ា ថា ការវាយប្រហារភេរវកម្ម បានបញ្ចប់ហើយដោយមានមនុស្ស ១៤នាក់ស្លាប់

AKP ភ្នំពេញ ថ្ងៃទី១៧ ខែមករា  ឆ្នាំ២០១៩ — ប្រធានាធិបតីប្រទេសកេនយ៉ា លោក Uhuru Kenyatta បានប្រកាសពីថ្ងៃពុធ ការបញ្ចប់ប្រតិបត្តិការ សន្តិសុខមួយបន្ទាប់ពីការវាយប្រហារភេរវកម្មលើសណ្ឋាគារមួយ និងអាគារការិយាល័យនៅក្នុងរដ្ឋធានី របស់ប្រទេសនេះ ដែលសម្លាប់មនុស្ស១៤នាក់។

លោក  Kenyatta  បានប្រាប់សន្និសីទសារព័ត៌មានផ្សាយតាមទូរទស្សន៍មួយថា ពួកភេរវជនទាំងអស់ ដែលបានវាយប្រហារទៅលើអាគារ សណ្ឋាគារ Dusit D2 នោះ ត្រូវបានគេសម្លាប់ដោយបញ្ចប់ការវាយប្រហារភេរវកម្មរយៈពេល១៨ម៉ោង ។ ក្រុមសន្តិសុខបានជម្លៀសប្រជាជនកេនយ៉ា និងពួកជនបរទេសចេញពីអាគារនានា ក្នុងអំឡុង ប្រតិបត្តិការនោះ ។

លោកប្រធានាធិបតីបានប្តេជ្ញាបង្កើនការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មជាសកលដោយនិយាយថា អំពើភេរវកម្មនឹងមិនដែលឈ្នះយើងទេ ។ ពួកមន្ត្រីសន្តិសុខបាននិយាយថា ការវាយប្រហារនេះបានចាប់ផ្តើមនៅម៉ោង ៣រសៀលថ្ងៃអង្គារ ។ ពួកសាក្សីបាននិយាយថា​ ក្រុមភេរវជននេះបានទៅដល់ច្រកចូលសណ្ឋាគារ និងបានចុះទៅមុនម្នាក់ ក្នុងចំណោមពួកគេបានចាប់ផ្តើមបាញ់ដោយមិនរើសគោលដៅ ។

ក្រុមភេរវជនមានមូលដ្ឋាននៅប្រទេសសូម៉ាលី al- Shabaab  បានប្រកាសទទួលខុសត្រូវចំពោះការវាយប្រហារនេះ ។ ក្រុមនេះបាននឹងកំពុងវាយប្រហារតំបន់ព្រំដែនកេនយ៉ា-សូម៉ាលី ព្រមទាំងបានសម្លាប់ពលរដ្ឋស្លូតត្រង់ចាប់តាំងពីទាហានកេនយ៉ាបានចូលទៅក្នុងប្រទេសសូម៉ាលី ក្នុងឆ្នាំ ២០១១ ដើម្បីការពារសន្តិសុខព្រំដែនដែលបានចែករំលែកគ្នារបស់ប្រទេសទាំងពីរ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )