រុស្ស៊ីនិងចិនទទួលបានការអភិវឌ្ឍទំនាក់ទំនងក្នុងគ្រប់វិស័យ  

AKP ភ្នំពេញ ថ្ងៃទី១៧ ខែមករា  ឆ្នាំ២០១៩ — រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សែរហ្គេរ ឡាវរ៉ូវ ( Sergei Lavrov ) បាននិយាយពីថ្ងៃពុធថា រុស្ស៊ីនិង ចិនទទួលបាននូវការអភិវឌ្ឍជឿនលឿនប្រកបដោយជំនឿទុកចិត្តបំផុត នៃទំនាក់ទំនងក្នុងគ្រប់វិស័យទាំង អស់ ។

លោក ឡាវរ៉ូវ បាននិយាយនៅឯសន្និសីទកាសែតប្រចាំឆ្នាំរបស់លោកថា ប្រទេសទាំងពីរសម្រេច បាននូវការផ្លាស់ប្តូរពាណិជ្ជកម្ម ដែលលើសពីមុនៗ មួយក្នុងឆ្នាំ ២០១៨ ប៉ុន្តែនេះមិនមែនជាការកំណត់មួយ នោះទេ ព្រោះរុស្ស៊ី និងចិនមានផែនការដែលមានមហិច្ឆតា ដែលបានពិភាក្សាគ្នាដោយប្រធានាធិបតីលោក  វ៉្លាឌីមៀរ ពូទីន ( Vladimir Putin ) និងប្រធានាធិបតីលោក ស៊ី ជីនពីង ( Xi Jinping ) នៅឯកិច្ចប្រជុំផ្សេងៗ ។

តាមអាជ្ញាធរគយរបស់ប្រទេសចិនឱ្យដឹងថា ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងចិននិងរុស្ស៊ីបានកើន ឡើង ២៧,១ភាគរយទៅដល់១០៧,០៦ ពាន់លានដុល្លារ កាលពីឆ្នាំកន្លងទៅ ។

លោក ឡាវរ៉ូវ បាននិយាយថា រដ្ឋាភិបាលទាំងពីរបានឱ្យដឹងអំពីគម្រោងប្រហែល ៧០ ដែលមាន តម្លៃសរុបជាង ១០០ ពាន់លានដុល្លារនៅក្នុងវិស័យផ្សេងៗ ដែលរួមមានថាមពលនុយក្លេអ៊ែរ កសិកម្ម, ការដឹងជញ្ជូន ព្រមទាំងកិច្ចសហប្រតិបត្តិការអវកាស ។

លោក ឡាវរ៉ូវ ក៏បានសាទរផងដែរដល់កិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលគ្នាយ៉ាងជិតស្និទរវាងក្រុងមូស្គូ និងក្រុងប៉េកាំង នៅក្នុងកិច្ចការអន្តរជាតិ ដែលរួមមាននៅក្នុងរង្វង់ BRICS (ប្រទេសប្រេស៊ីល,  រុស្ស៊ី, ឥណ្ឌា ,ចិន និងអាហ្វ្រិកខាងត្បូង ) ,អង្គការកិច្ចសហប្រតិបត្តិការសាងហៃនិង អ.ស.ប ក៏ដូចជាការធ្វើឱ្យស្របគ្នា សហភាពសេដ្ឋកិច្ចអឺរ៉ុប អាស៊ីជាមួយការផ្តួចផ្តើមគំនិងខ្សែក្រវ៉ាត់ និងផ្លូវ ។

លោក ឡាវរ៉ូវ បាននិយាយថា រុស្ស៊ី និងចិនមានការដោះស្រាយរួមគ្នាចំពោះការដោះស្រាយជម្លោះ នានា តែតាមរយៈរបៀបនយោបាយ លើមូលដ្ឋានច្បាប់អន្តរជាតិ ហើយនឹងការសន្ទនាគ្នា ដែលរួមមាននៅ ក្នុងប្រទេសស៊ីរី, កន្លែងដទៃទៀត ក្នុងមជ្ឈិមបូព៌ា នឹងនៅលើឧបទ្វីបកូរ៉េ ។ លោក ឡាវរ៉ូវ បានសង្កត់ធ្ងន់ថា មិត្តភាពរវាងរុស្ស៊ីនិងចិនមិនមានបំណងប្រឆាំងនឹងប្រទេសណា មួយឡើយ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )