ឥណ្ឌូណេស៊ីៈ គ្មានការបង់ប្រាក់លោះឱ្យពួកអាប៊ូសាយ៉ាហ្វ សម្រាប់ការដោះលែងពលរដ្ឋខ្លួនទេ

AKP ភ្នំពេញ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩  — ក្រសួងការបរទេសឥណ្ឌូណេស៊ី កាលពីថ្ងៃពុធ បានច្រានចោលការចោទប្រកាន់មួយដែលថា រដ្ឋាភិ-បាលឥណ្ឌូណេស៊ី បានបង់ប្រាក់លោះសម្រាប់ការដោះលែងជនជាតិខ្លួនម្នាក់ ដែលបានចាប់ពង្រត់ដោយក្រុមចោរព្រៃពួកអាប៊ូសាយ៉ាហ្វ នៅក្នុងប្រទេសហ្វីលីពីននោះ  ។

នាយកសម្រាប់ការពារពលរដ្ឋនៅបរទេសរស់ក្រសួងការបរទេស លោក Lalu Muhammad Iqbal  បានធ្វើការកត់សម្គាល់នេះ ក្នុងការឆ្លើយតទៅនឹងការដោះលែងអ្នកនេសាទឥណ្ឌូណេស៊ី លោក Samsul Saguni   ដែលគេចាប់ធ្វើជាចំណាប់ខ្មាំងអស់ពេល៤ ខែកន្លងមកនេះ ចេញពីក្រុមបំបែកខ្លួន មួយរបស់ក្រុមអាប៊ូសាយ៉ាហ្វ កាលពីរសៀលថ្ងៃអង្គារ ។

តាមក្រសួងនេះឱ្យដឹងថា លោក Saguni ត្រូវបានចាប់ជាចំណាប់ខ្មាំង ​ព្រមជាមួយសហការីរបស់គាត់ គឺ​លោក  Usman Yunus កាលពីក្នុងខែកញ្ញា ឆ្នាំកន្លងទៅនៅពេលកំពុងធ្វើការនេសាទ​ក្នុងដែនទឹកកោះ Gaya របស់ Sabah  ប្រទេសម៉ាឡេស៊ី ។ សេចក្តីរាយការណ៍នានា បានដកស្រង់សម្តីមន្ត្រីនោះ ដែលនិយាយថា លោក Yunus  បានធ្វើការគេចខ្លួនចេញការឃុំគ្រងរបស់ពួកអ្នកចាប់ពង្រត់គាត់កាលពីថ្ងៃទី៧ ខែធ្នូ ។

លោក Iqbal  បាននិយាយថា បច្ចុប្បន្នលោក Saguni កំពុងស្ថិតនៅក្នុងមូលដ្ឋានយោធាមួយនៅ ហ្សូឡូ ប្រទេសហ្វីលីពីនភាគខាងត្បូង សម្រាប់ការត្រួតពិនិត្យមើលខាងវេជ្ជសាស្ត្រ មុនជិះយន្តហោះទៅកាន់ទីក្រុង Zamboanga  ស្តីពីផែនការរបស់គាត់ត្រឡប់ទៅប្រទេសឥណ្ឌូណេស៊ី វិញមន្ត្រីនោះបាននិយាយថា ការរៀបចំនឹងត្រូវបានគេធ្វើបន្ទាប់ពីអ្នកនេសាទរូបនេះ ត្រូវបានគេប្រគល់ទៅឱ្យស្ថានទូតឥណ្ឌូណេស៊ី នៅហ្វីលីពីន ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )