ក្រុមគណៈប្រតិភូវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកស្វែងយល់តំបន់ទេសចរណ៍វប្បធម៌នៅលើទឹកដីអង្គរសៀមរាប

វិទ្យុជាតិកម្ពុជា៖ ដោយលោកចេម ហួត

សៀមរាប៖គណៈប្រតិភូវេទិកាសភាអាស៊ីប៉ាស៊ីហ្វិក មកពី២០ប្រទេស មានគ្នាប្រមាណនាក់120រូបមកបានធ្វើទស្សនកិច្ចស្វែងយល់ពីតំបន់ទេសចរណ៍វប្បធម៌សំខាន់ៗនៅលើទឹកដីអង្គរខេត្តសៀមរាប បន្ទាប់ពីបញ្ចប់កិច្ចប្រជុំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក៣ថ្ងៃរួចមក។

ប្រាប់វិទ្យុជាតិកម្ពុជានៅថ្ងៃទី១៧ ខែមករានេះ ឯកឧត្តម ឡេង ប៉េងឡុងអគ្គលេខា នៃអគ្គលេខាដ្ឋានរដ្ឋសភា មានប្រសាសន៍ថា តំបន់ទេសចរណ៍ដែលគណៈប្រតិភូសភាអន្តរជាតិទៅទស្សនានៅពេលនេះមានប្រាសាទបន្ទាយស្រីប្រាសាទបាយ័ន និងប្រាសាទអង្គរវត្តជាដើម។

ឯកឧត្តមបញ្ជាក់ថា ការរៀបចំឲ្យមានដំណើរទស្សនកិច្ចជួនគណៈប្រតិភូសភាអាស៊ីប៉ាស៊ី-ហ្វិកនេះ គឺជាយុទ្ធសាស្ត្រលើកម្ពស់ និងទាក់ទាញភ្ញៀវទេសចរបរទេសឲ្យមកទស្សនាប្រាង្គប្រាសាទបុរាណដែលជាសម្បត្តិវប្បធម៌ខ្មែរ និងតំបនទេសចរណ៍ទូទាំងប្រទេសកម្ពុជាកាន់តែច្រើនឡើងថែមទៀត។
ក្រុមគណៈប្រតិភូដែលបានចូលរួមក្នុងដំណើរទស្សនកិច្ចនេះបានកោតស្ញប់ស្ញែងពីភាពអស្ចារ្យ នៃស្នាដៃរបស់បុព្វបុរសខ្មែរ ដែលបានកសាង ប្រាង្គប្រាសាទជាច្រើនជាមួយនឹងការបង្កប់នូវរចនាបថ ស្ថាបត្យកម្ម និងគំនូរសិល្បៈដ៏ល្អឯកគ្មានពីរនៅលើលោកដើម្បីទុកឲ្យកូនចៅខ្មែរ និងមនុស្សជាតិគ្រប់ជាតិសាសន៍គ្រប់ជំនាន់បានស្វែងយល់ និងទស្សនា។ ជាមួយគ្នានេះ ភ្ញៀវជាថ្នាក់ដឹកនាំសភាតំបន់អាស៊ីប៉ាស៊ី ហ្វិកទាំងអស់បានសន្យាជួយផ្សព្វផ្សាយពីសម្បត្តិវប្បធម៌ និងទំបន់ទេសចរណ៍របស់កម្ពុជានេះទៅកាន់ប្រជាពលរដ្ឋរបស់ពួកគេឲ្យមកលេងកម្ពុជាកាន់តែច្រើន៕