ក្រសួងការងារច្រានចោលសេចក្ដីថ្លែងការណ៍ថាលក្ខខណ្ឌការងារនៅកម្ពុជាមានការថយចុះ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជួន​ បូណា​៖

មន្រ្ដីជាន់ខ្ពស់ក្រសួងការងារ ច្រានចោលសេចក្ដីថ្លែងការណ៍មួយចំនួនថាលក្ខខណ្ឌការងារនៅកម្ពុជាមានការថយចុះ ប៉ុន្តែបើផ្អែកតាមស្ថានភាពជាក់ស្តែងសេរីភាព និងលក្ខខណ្ឌការងារនៅប្រទេសកម្ពុជាមានភាពល្អប្រសើរ បើធៀបជាមួយនឹងប្រទេសមួយចំនួន។ 
ប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់ពិធីបើក“វេទិកាធុរកិច្ច” របស់គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា នាព្រឹកថ្ងៃទី១៦ ខែមករា នេះ ឯកឧត្ដម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានសហការជាមួយអង្គការ”(ILO-BFC) បានបង្កើតគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ដើម្បីឲ្យអង្គការមួយនេះជួយឃ្លាំមើលលក្ខខណ្ឌការងារនៅកម្ពុជា។


ឯកឧត្ដម បានបញ្ជាក់ថា តាមរយៈរបាយការណ៍របស់”(ILO-BFC)បានបង្ហាញថា​ កម្ពុជាគឺជាប្រទេសទី១ ដែលមានភាពក្លាហាន ក្នុងការអនុវត្តពាណិជ្ជកម្ម ក្រៅប្រទេសជាមួយ នឹងការធានាលក្ខខណ្ឌការងារ សមស្របតាមបទដ្ឋានការងារស្នូលជាអន្តរជាតិនិងច្បាប់ស្តីពីការងារ។


ឯកឧត្តបនាបន្តថា គ្រប់ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ រួមមាន ក្រសួង-ស្ថាប័ន អង្គការជាតិ-អន្តរជាតិ និងអ្នកបញ្ជាទិញអន្តរជាតិ អាចមានឱកាសសិក្សាស្វែងយល់ លក្ខខណ្ឌការងារល្អប្រសើរ ចំពោះអាជីវកម្ម និងកម្មករនិយោជិត ក្នុងវិស័យវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើងរបស់កម្ពុជាបន្តទៀត។

ឯកឧត្ដមបានបន្ដថា រាជរដ្ឋភិបាលបានប្ដេជ្ញាចិត្ដនឹងធ្វើឲ្យលក្ខខណ្ឌការងារនៅកម្ពុជាមានភាពល្អប្រសើរបន្ថែមទទៀត ដើម្បីជួយសម្រួលបន្ទុក និងជីវភាពសុខភាពរបស់កម្មករកម្មការរិនី៕