ប្រធានរដ្ឋសភាជាតិវៀតណាមអំពាវនាវឱ្យមាន កិច្ចសហប្រតិបត្តិការកាន់តែខ្លាំងឡើងនៅក្នុងវេទិការ APPF

AKP ភ្នំពេញ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩​ — ប្រធានរដ្ឋសភាជាតិវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអំពាវនាវដល់បណ្ដាសមាជិកសភានៃវេទិកាសភាអាស៊ី – ប៉ាស៊ីហ្វិក (APPF) ឱ្យបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ និងគ្រប់ជ្រុងជ្រោយលើគ្រប់វិស័យ ដើម្បីធានាដំណើរការនៃវេទិកាប្រកបដោយប្រសិទ្ធភាព។

លោកស្រី Ngan ដែលជាប្រធាននៃកិច្ចប្រជុំប្រចាំឆ្នាំលើកទី ២៦ របស់ APPF (APPF-26) បានធ្វើការអំពាវនាវដួចនេះនៅពេលថ្លែងអំណរគុណដល់កិច្ចប្រជុំប្រចាំឆ្នាំលើកទី ២៧ របស់ APPF (APPF-27) ដែលបានប្រារព្ធធ្វើឡើងនៅក្នុងខេត្តសៀមរាប ប្រទេសកម្ពុជា កាលពីថ្ងៃទី ១៥ ខែមករា។

លោកស្រីបាននិយាយថា APPF គួរតែកែលម្អបន្ថែមទៀតនូវអង្គការរបស់ខ្លួន និងបង្កើនការសម្របសម្រួល និងទំនាក់ទំនងរវាងបណ្តាញនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិនៃប្រទេសនីមួយៗក្នុងតំបន់។

អ្នកតាក់តែងច្បាប់របស់វៀតណាមរូបនេះបានសង្កត់ធ្ងន់ថា សេចក្តីថ្លែងការណ៍ទីក្រុងហាណូយដែលបានអនុម័តនៅ APPF-26 បានកត់សម្គាល់នូវកិច្ចអភិវឌ្ឍន៍រយៈពេល ២៥ឆ្នាំនៃវេទិកានេះ និងបានបើក ទស្សនៈថ្មីមួយសម្រាប់ទំនាក់ទំនងសភានៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនៅត្រឹមឆ្នាំ ២០៣០ ។

លោកស្រីបាននិយាយបន្ថែមថា ឯកសារនេះគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញសេរី    ភាវូបនីយកម្មពាណិជ្ជកម្ម កាត់បន្ថយគម្លាតអភិវឌ្ឍន៍រវាងបណ្ដាប្រទេសជាសមាជិក APPF និងលើកកម្ពស់ការប្តេជ្ញាចិត្តក្នុងកិច្ចអភិវឌ្ឍន៍អន្តរជាតិ ជាពិសេសគោលដៅអភិវឌ្ឍន៍សហសវត្សរ៍ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ។

លោកស្រី Ngan បានកត់សម្គាល់ថា វេទិកា APPF បានពង្រឹងភាពជាដៃគូរបស់ខ្លួនជាមួយកិច្ចសហ-ប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី – ប៉ាស៊ីហ្វិក (APEC) នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបំពេញបំណងរបស់ ប្រជាជននៅតំបន់អាស៊ី – ប៉ាស៊ីហ្វិក សម្រាប់តំបន់នៃសន្តិភាព និងការអភិវឌ្ឍន៍ដែលឆ្លុះបញ្ចាំងពីនិន្នាការនៃការទូតសភាក្នុងដំណាក់កាលថ្មីមួយ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)