កម្ពុជាក្លាយជាគំរូទី១ជាមួយអង្គការយូនីស្កូក្នុងការគ្រប់គ្រង និងអភិរក្ស បេតិកភណ្ឌ មនុស្សជាតិប្រកបដោយជោគជ័យ

វិទ្យុជាតិកម្ពុជា៖ ដោយលោក ហុក សុខរិន រូបភាពដោយលោក អ៊ូកាណែល

សៀមរាប៖   ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​បានសម្តែងមោទនភាពជាខ្លំាង​​នៅមុខបណ្តា​​ថ្នាក់ដឹក​​នាំ​​សហគមន៍អន្តរជាតិ ដែលកម្ពុជាបានក្លាយជាគំរូទី១ជាមួយអង្គការ​​យូនីស្កូក្នុង​​ការគ្រប់គ្រង និងអភិរក្ស បេតិកភណ្ឌ មនុស្សជាតិប្រកបដោយជោគជ័យ។

សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា កម្ពុជា​​ពិតជាមានមហាកិត្តិយសដ៏ឧត្តុងឧត្តម ដែលកម្ពុជាកំពុងដើរតួនាទីដឹក នាំស្ថាប័ន ក្រុមប្រឹ​​ក្សាវប្បធម៌អាស៊ី ហើយក៏ជាប្រទេសទី១ នៅអាស៊ី ដែលបានសហការល្អបំ ផុតជា​​មួយអង្គការយូ ណេ ស្កូក្នុងការកសាងសមត្ថភាពខ្លួនដើម្បីធ្វើជាគំរូក្នុងការគ្រប់គ្រង និង​អភិរក្ស​​បេតិកភណ្ឌមនុស្សជាតិប្រកបដោយ ជោគ ជ័យ បន្ទាប់ពីកម្ពុជាទទួលបាន​​សុខសន្តិ​ភាពពេញលេញ ឯកភាពជាតិ ឯកភាពទឹកដីទំាងស្រុង នៅចុងឆ្នាំ១៩៩៨ តាមរយៈ​​ការអនុវត្ត​នយោបាយឈ្នះ- ឈ្នះដែលជាព្រឹត្តិការណ៍ដំបូងបង្អស់នៅកម្ពុជា ។

ថ្លែងនៅក្នុងពិធីប្រកាសជាផ្លូវការ នៃក្រុមប្រឹក្សាវប្បធម៌អាស៊ី នៅឧទ្យានអង្គរ ទីលានជលដំរី ក្រុងសៀមរាប-អង្គរ កាលពីថ្ងៃទី១៥ ខែមករា សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានស្ថាបនិកកិត្តិយសនៃក្រុមប្រឹក្សាវប្បធម៌អាស៊ី មានប្រសាសន៍ថា ដើម្បីលើក​​ស្ទួយវប្បធម៌នៅក្នុងតំបន់ឲ្យកាន់តែមានប្រសិទ្ធភាព សុខសន្តិភាព និងការអភិវឌ្ឍ​​ប្រកបដោយចីរភាព ក្រុមប្រឹក្សាវប្បធម៌អាស៊ីត្រូវអនុវត្តនូវបេសកកម្មសំខាន់ៗរបស់ខ្លួនដែលបានចែងក្នុងកិច្ចព្រមព្រៀងប្រកបដោយប្រសិទ្ធភាព និងតម្លាភាព និងគោរពឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ ៣ យ៉ាង គឺការយោគយល់គ្នាទៅវិញទៅមក ការគោរពគ្នាទៅវិញទៅមក និង​​ការផ្តល់ផល​​ប្រយោជន៍​ឱ្យគ្នាទៅវិញទៅមក ដើម្បីទទួលបាននូវសុខសន្តិភាព​​ជានិច្ចនិរន្តរ៍។

សម្តេចតេជោបានបន្តថា ការរៀបចំឱ្យមានការជួបជុំគ្នារវាងអ្នកនយោបាយ និងថ្នាក់ដឹក​​នាំ​​សំខាន់ៗ​​នៅទ្វីបអាស៊ី និងភ្ញៀវកិត្តិយសមក ពីអាមេរិកឡាទីន អាហ្វ្រិក និងតំបន់អាស៊ីប៉ា​​ស៊ីហ្វិក​​ក្នុង ពិធីប្រកាសជាផ្លូវការក្រុមប្រឹក្សាវប្បធម៌អាស៊ី នាពេលនេះ ពិតជាមានសារៈ​សំខាន់​​ក្នុងការបើកទំព័រថ្មី មួយទៀតនៃកិច្ចសហប្រតិបត្តិការអន្តរជាតិផ្នែកវប្បធម៌ ដើម្បី​​ផលប្រយោជន៍​​មនុស្ស ជាតិនៅក្នុងតំបន់។

សម្តេចបន្តថា ព្រឹត្តិការណ៍នេះ ប្រារព្ធឡើង ស្របជាមួយនឹងទីតាំងភូមិសាស្ត្រកម្ពុជា ដែល​​ស្ថិតនៅចំណុចប្រសព្វរវាងអរិយធម៌ធំៗនៅអាស៊ី ដែលជាទីសម្បូរដោយ​​ប្រវត្តិ​​សាស្ត្រយូ​​រ​អង្វែង និងវប្បធម៌ចម្រុះ ដែលប្រជាជនអាចរស់នៅជាមួយ​​គ្នាដោយ​សុខសន្តិភាព ដើម្បីលើកកម្ពស់អរិយធម៌មនុស្សជាតិទាំងមូល រួមមានៈអាស៊ីខាងកើត និងអាស៊ីខាងត្បូង ក៏ដូច​ជាតំបន់អាស៊ី​​ខាងជើងអាស៊ីកណ្តាល និងអាស៊ីបូព៌ រួមទាំងមជ្ឈិមបូព៌ាដែលតភ្ជាប់​​គ្នាដោយផ្លូវ​​សូត្រតាំងពីបុរាណកាលមក។

គួររំលឹកថា នេះគឺជាលើកទី១ហើយដែល កម្ពុជា បាន ធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំដំបូងបង្អស់ របស់ក្រុមប្រឹក្សាវប្បធម៌អាស៊ី ខេត្តសៀមរាប ដែលមានវត្តមានភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិ មកពី២៦ប្រទេសទូទាំងទ្វីបអាស៊ី ៕