ក្រសួងឧស្សាហកម្មមានវិធានការកែទម្រង់ជាច្រើនដើម្បីលើកកម្ពស់វិស័យឧស្សាកម្មកម្ពុជា

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ ប៉ុង សុភាវី៖

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ ប៉ុង សុភាវី៖
ក្រសួងឧស្សាហកម្ម និងសិប្បកម្មបានដាក់វិធានការកែទម្រង់នានាលើវិស័យឧស្សាកម្ម ដើម្បីលើកកម្ពស់វិស័យនេះឲ្យកាន់តែរីកចម្រើន ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។
ក្នុងឱកាសពិធីបើកសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងឧស្សាកម្ម និងសិប្បកម្ម នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងសិប្បកម្ម បានមានប្រសាសន៍ ថា រាជរដ្ឋាភិបាលតាមរយះក្រសួងឧស្សាហកម្មនឹងសិប្បកម្ម មានវិធានការកែទម្រង់លើការគ្រប់គ្រងរោងចក្រ ដោយផ្តល់សេវាកម្មកាន់តែងាយស្រួលក្នុងបង្កើត ការចុះបញ្ជីរោងចក្រថ្មី។
ឯកឧត្តមបានអះអាងថា ក្រសួងបានធ្វើប្រតិភូកម្មអំអាច ជូនដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងដែនសមត្ថកិច្ច នៃគណៈកម្មាធិការ វិនិយោគរាជធានី ខេត្ត ដើម្បីបង្កលក្ខណះងាយស្រួលដល់វិនិយោគិនបានបោះទុនវិនិយោគដោយគ្មានឧបសគ្គ។ ឯកឧត្តមបានបន្តថា រាល់ការអធិការកិច្ចនៅតាមរោងចក្រសហគ្រាសកន្លងមក ក្រុមការងារ ពុំបានធ្វើការកៀបសង្កត់ ឬបង្កការ រំខានម្ចាស់រោងចក្រសហគ្រាសឡើយ ដែលជួយដល់ វិស័យឯកជន ឲ្យកាន់តែមានប្រសិទ្ធភាព និងជួយទប់ស្កាត់ការផលិតមិន ខុសបទបញ្ញាតិ និងក្លែង បន្លំជាដើម។
សំលេង៖ បានយកចិត្តទុកដាក់ដល់កិច្ចការពារ និងលើកកម្ពស់ការងារ កម្មសិទ្ធិឧស្សាហកម្មសំដៅធ្វើឱ្យកិច្ចការងារមានដំណើរការទៅមុខដោយរលូនល្អ ក្នុងនោះបានជំរុញអនុវត្តកិច្ចព្រមព្រៀងពន្លឿនការផ្តល់ប្រកាសនីយបត្រតក្កកម្ម ជាមួយប្រទេសជប៉ុន កិច្ចព្រមព្រៀងទទួលស្គាល់សុពលភាពប្រកាសនីយបត្រតក្កកម្មអឺរ៉ុប ចិន សឹង្ហបុរី នៅកម្ពុជា បន្ទាប់ពីបានចរចា ក្នុងការចូលជាសមាជិកទី១៥១ នៃសន្ធិសញ្ញាអន្តរជាតិទាក់ទងនឹងសហប្រតិបត្តិការប្រកាសនីយបត្រតក្កកម្ម និងការចូលជាសមាជិកទី៦៦ នៃសន្ធិសញ្ញាទីក្រុងហ្សឺណែវ ឆ្នាំ១៩៩៩ នៃកិច្ចព្រមព្រៀងទីក្រុងហេច ទាក់ទងនឹងការចុះបញ្ជីគំនូរឧស្សាហកម្មអន្តរជាតិ។ យើងសង្ឃឹមថា ដំណើរការវិវត្តន៍ប្រកបដោយវិជ្ជមានក្នុងវិស័យ កម្មសិទ្ធិឧស្សាហកម្មនិងរួមចំណែកដល់ការទាក់ទាញការវិនិយោគហុចផលប្រយោជន៍ដល់ការបង្កើតខណ្ឌបន្ថែមប្រភពចំណូលថវិកាជាតិ ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានមានប្រសាសន៍ថា ការលើកកម្ពស់វិស័យឧស្សាហកម្មក្នុងស្រុកនឹងជួយជំរុញកិច្ចអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាព លើកស្ទួយកំណើនសេដ្ឋកិច្ចជាតិ ពិសេសការបង្កើតការងារថ្មីៗជូនដល់ប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា នៅឆ្នាំ២០១៨កន្លងទៅនេះ កម្ពុជាមានរោងចក្រសហគ្រាសទំាងអស់ចំនួន ១៥២៨រោងចក្រ គឺកើនឡើងលើសឆ្នាំ២០១៧ រហូតដល់២៨រោងចក្រ៕