ប្រធានព្រឹទ្ធសភាកម្ពុជាស្នើឲ្យសភាតំបន់អាស៊ី-ប៉ាស៊ីហ្វិករួមគ្នាថែរ​​ក្សាសន្តិ​​ភាព​​​តំបន់ និងសកលលោក

វិទ្យុជាតិកម្ពុជា៖ ដោយលោកចេម ហួត

សៀមរាប៖សម្តេចប្រធានព្រឹទ្ធសភាកម្ពុជាស្នើឲ្យ​​សភា​​តំបន់​​​​អាស៊ី-ប៉ាស៊ី​​ហ្វិក​​រួមគ្នា​ថែរ​​ក្សា​​ស​ន្តិ​ភាព​​​តំបន់ និងសកល លោកដើម្បីឲ្យ​​ប្រជាពលរដ្ឋ​គ្រប់ជាតិ​​សាសន៍​រស់នៅ​​ប្រកប​​ដោយ​​ភាព​​សុខសាន្ត និងការអភិវឌ្ឍ​​លើ​​គ្រប់វិស័យ។

ក្នុង​ពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) លើកទី២៧ នៅ​​សណ្ឋា​​​គា សុខា សៀមរាប នាព្រឹកថ្ងៃទី១៥ ខែ មករា នេះ សម្តេចវិបុលសេនាភក្តីសាយ ឈុំ  ប្រធាន​​​​ព្រឹទ្ធសភាបានមានប្រសាសន៍ថា តាមរយៈ ចលនា ការទូតសភាដ៏សកម្ម បណ្តា សមាជិក  APPF​​មានបំណង និងគោលដៅរួមគ្នា គឺប្រាថ្នាចង់  ឃើញពិភពលោកមួយមាន សន្តិភាព  សន្តិសុខ  ការអភិវឌ្ឍ និងចង់​បាន​​កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូស្មោះត្រង់ គោរពគ្នាទៅវិញទៅមក និងចេះថែរក្សា​ផលប្រយោជន៍ទៅវិញទៅមកយូរអង្វែង។

សម្តេចបានជំរុញ ឱ្យមានការផ្លាស់ប្តូរទស្សននយោបាយ និងបង្ហាញភាពជាអ្នកដឹកនាំ ហើយគោរ​ព​​ពេញ​​លេញនូវ ធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិ និងបទដ្ឋាន​​គតិយុត្តិ​​អន្តរ​​ជាតិ​នានា​។ ជាមួយគ្នានោះ ប្រទេសអស់មិនត្រូវរើសអើងគ្នារវាងប្រទេសធំនិងប្រទេសតូច ការរាប់រក​​គ្នាដោយ​​មេត្រីភាព និងសហប្រតិបត្តិការស្មើភាព មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងផងគ្នា និង​​មិន​​ប្រើ​​​ឥទ្ធិ​​ពល​​កៀប​សង្កត់ផ្សេងៗដើម្បីបម្រើផលប្រយោជន៍ភូមិសាស្ត្រនយោ​​បាយការមិន​​រត់​​ប្រណាំង​​សព្វាវុធ និងការមិនប្រើប្រាស់កម្លាំងយោធា សុទ្ធតែជាកត្តាអនុគ្រោះ​​ដ៏គាប់ប្រសើរ​​សម្រាប់​​​តំបន់ និង​​​​​​ពិភពលោកទាំងមូល​ ។

 

ក្នុងនោះភាពជាដៃគូទាំងអស់ត្រូវបង្កើនយន្តការសន្ទនាឱ្យបានច្រើន តាមរូបភាពទ្វេភាគី និង​​ពហុភាគី ដើម្បីបង្កើនការផ្លាស់ប្តូរព័ត៌មាន ផ្លាស់ប្តូរទស្សនៈនយោបាយលើ​​បញ្ហាប្រឈមទាំង​ឡាយក្នុង​កម្រិតតំបន់ និងសកល ហើយពាំនាំកង្វល់ទាំងនេះមក​​ធ្វើការពិគ្រោះ​​យោបល់​ជាមួយ​ផ្នែក​​​នីតិប្រតិបត្តិ ឬធ្វើសេចក្តីស្នើច្បាប់នានាដែលចាំបាច់ ដែលបម្រើឱ្យ​​ផលប្រយោជន៍​សង្គម និង​​ផល​​ប្រយោជន៍របស់ប្រជាជន និងរួមចំណែកដល់ការថែរក្សាសន្តិភាព សន្តិសុខ ការអភិវឌ្ឍ​រួម​​ក្នុង​ក្របខ័ណ្ឌតំបន់ និងពិភពលោកទាំងមូល។

 

សភាកម្ពុជាសូមលើកទឹកចិត្ត​​ឱ្យបង្កើន​​ការសន្ទនាដោយស្មារតីសហ​ប្រតិបត្តិការ​​ទាំង​​ក្នុង​​ក្របខ័ណ្ឌ​​នីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ព្រមទាំងតួអង្គពាក់ព័ន្ធ​​នានាលើបញ្ហាសន្តិសុខ អន្តោ​ប្រវេសន៍ បញ្ហា​​ជម្លោះ​​ពាណិជ្ជកម្ម និងបញ្ហាផ្សេងទៀតលើមូ​លដ្ឋាននៃច្បាប់អន្តរ​ជាតិ តាមរយៈ​​យន្តការ​​ដែល​​មាន​ស្រាប់។ ជាមួយគ្នានេះ សភានៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ត្រូវជំរុញការលើកកម្ពស់​កិច្ចសហប្រ​​តិបត្តិ​ការទ្វេភាគី និងពហុភាគី ដើម្បីផ្លាស់ប្តូរទស្សនៈផ្នែកច្បាប់ គោលនយោបាយជាតិ និងផ្លាស់​​ប្តូរ​ទស្សនៈ​​អំពីការវិវត្តស្ថានការណ៍តំបន់ និងអន្តរជាតិ និងជំរុញការផ្លាស់ប្តូរពាណិជ្ជកម្ម ទេសច​ណ៍ វប្បធម៌ និងការផ្លាស់ប្តូរម​នុស្សគ្នាទៅវិញទៅ​មកឱ្យបានកាន់​​តែទូលំទូលាយ​​ថែមទៀត ដើម្បី​​ពង្រឹងពង្រីក​​ដំណើរការសុខដុមនីយកម្មនិងប្រក្រតីកម្មនៃទំនាក់ទំនងគ្នា​​ទៅវិញ​ទៅ​​មក​លើគ្រប់​​វិស័យ និងគ្រប់​កម្រិត ។

 

សម្តេចប្រធានព្រឹទ្ធសភាសង្ឃឹមយ៉ាងមុតមាំថា កិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមករានេះ នឹង​​ទទួល​​បានជោគជ័យ ប្រកបដោយលទ្ធផល​ជាផ្លែផ្កា ដែលនឹងរួមចំណែក​ដល់​​ការ​​ពង្រឹង​​កិច្ច​​សហ​​ប្រតិ​​បតិ្តការ និងភាពជាដៃគូសភា ដើម្បីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍ​ដោយ​ចី​រភាពក្នុងតំបន់ និងលើពិភពលោក៕

 

​