បេសកជនថ្មី អ.ស.ប ប្រចាំប្រទេសស៊ីរីធ្វើទស្សនកិច្ច៣ថ្ងៃនៅក្រុងដាម៉ាស់

AKP ភ្នំពេញ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ — កាសែត al –Watan  ស្និទ្ធរដ្ឋាភិបាលរាយការណ៍ថា លោក Geir Pederson  បេសកជន អ.ស.ប ប្រចាំប្រទេសស៊ីរី ដែលទើបតែងតាំងថ្មី នឹងចាប់ផ្តើមធ្វើទស្សនកិច្ចមួយរយៈពេល៣ថ្ងៃនៅប្រទេសអារ៉ាប់ នៅថ្ងៃចន្ទនេះ  ។

វានឹងជាទស្សនកិច្ចលើកដំបូងរបស់ លោក Pederson   អ្នកការទូតប្រទេសន័រវែស នៅប្រទេសស៊ីរី ចាប់តាំងពីការតែងតាំងលោកកាលពីពេលថ្មីៗនេះ បន្ទាប់ពីការលាលែងរបស់អ្នកកាន់តំណែងមុនលោក គឺលោក Staffan de Mistura  ដោយសារហេតុផលផ្ទាល់ខ្លួន បន្ទាប់ពីធ្វើជាបេសកជន អ.ស.ប នៅប្រទេសស៊ីរី អស់ពេល៤ ឆ្នាំមក ។

លោក Ayman Soussan  ជំនួយការរដ្ឋមន្ត្រីការបរទេសស៊ីរី ត្រូវបានកាសែត al –Watan   ដកស្រង់សម្តី ដែលនិយាយថា បេសកជនថ្មីនេះ នឹងធ្វើឱ្យសម្រេចបាននូវ អ្វីដែលអ្នកកាន់តំណែងមុនលោក មិនអាចធ្វើបាន  ។

កាសែតនោះបាននិយាយថា រដ្ឋាភិបាលស៊ីរីបានសំដែងការត្រៀមខ្លួនធ្វើកិច្ចសហប្រតិបត្តិការជាមួយបេសកជន ​អ.ស.ប ថ្មីដើម្បីធ្វើឱ្យបេសកកម្មរបស់លោកទទួលបានជោគជ័យ ។

ក្នុងអំឡុងបេសកកម្ម៤ឆ្នាំ របស់លោកក្នុងប្រទេសស៊ីរី លោក Mistura  មិនអាចធ្វើការសម្រុះសម្រួលនូវដំណោះស្រាយមួយដែលអាចធ្វើការបានរវាង​រដ្ឋាភិបាលស៊ីរី និងពួកប្រឆាំងដើម្បីបញ្ចប់វិបត្តិជាង ៧ ឆ្នាំ នោះបានទេ  ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )