ធ្លាក់យន្តហោះដឹកទំនិញក្នុងប្រទេសអ៊ីរ៉ង់ភាគខាងជើងស្លាប់១៥ នាក់

AKP ភ្នំពេញ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ — ទីភ្នាក់ងារព័ត៌មាន Student    អ៊ីរ៉ង់​( ISNA  ) រាយការណ៍ថា មនុស្សយ៉ាងហោចណាស់១៥នាក់បានស្លាប់កាលពីថ្ងៃចន្ទ ក្នុងការធ្លាក់យន្តហោះ​ Boeing 707 មួយគ្រឿងនៅក្បែរទីក្រុង Karaj  ប្រទេសអ៊ីរ៉ង់ភាគខាងជើង  ។

លោក Hamid Davood Abadi   ប្រធានមជ្ឍមណ្ឌលវេជ្ជសាស្ត្រនីតិក្រម ខេត្ត ALBORZ  បានប្រាប់ ISNA  ថា ក្នុងចំណោមអ្នកស្លាប់ទាំង១៥នាក់ គឺបុរស​១៤នាក់និងស្ត្រីម្នាក់ដែលជិះនៅលើយន្តហោះនោះ គេអាចស្គាល់អត្តសញ្ញាណ១០នាក់ ហើយ៥នាក់ទៀត ត្រូវការធ្វើការពិនិត្យមើលខាងពូជសាសន៍ថែមទៀត។

ISNA បានដកស្រង់សម្តីលោក Pir Hossein Kolivand ប្រធានមជ្ឈមណ្ឌលគ្រាអាសន្នអ៊ីរ៉ង់ ដែលនិយាយថា យន្តហោះដឹកទំនិញ ដែលមានមនុស្ស១៦នាក់ជិះនៅលើនោះ បានធ្លាក់នៅក្នុងតំបន់លំនៅដ្ឋាន មួយចម្ងាយ ៤៥ គីឡូម៉ែត្រ ខាងលិចរដ្ឋធានីតេហេរ៉ង់ ។

លោក Naser Charkhsaz   ប្រធានសង្គមអឌ្ឍចន្ទ្រក្រហមអ៊ីរ៉ង់ បានប្រាប់ ISNA  ថា យន្តហោះនេះ បានគ្រោងចុះចតនៅព្រលានយន្តហោះ  Payam   របស់ទីក្រុង Karaj  ប៉ុន្តែបានជ្រើសយកការចុះចតនៅព្រលានយន្តហោះ  Fath   វិញដោយសារហេតុផលដែលគេមិនបានដឹងខ្លះ  ។

បន្ទាប់ពីការចុះចតខុស​ព្រលានយន្តហោះនេះ យន្តហោះនេះបានបាត់បង់ម្ចាស់ការ ហើយរអិល ចេញពីផ្លូវរត់ ដោយទៅបុកអាគារលំនៅដ្ឋានដែលគ្មានមនុស្សនៅមួយហើយឆេះ ។

តាមសេចក្តីប្រកាសមួយដោយការិយាល័យទំនាក់ទំនងសាធារណៈកងយោធាអ៊ីរ៉ង់​ឱ្យដឹងថា  យន្តហោះនេះ ដែលហោះចេញពី Bishkek  រដ្ឋធានីរបស់ប្រទេសគៀរហ្ស៊ីស្ថាននោះ កំពុងដឹកសាច់ទៅកាន់ប្រទេសអ៊ីរ៉ង់  ។ តាមសេចក្តីរាយការណ៍ថ្មីបំផុតឱ្យដឹងថា យន្តហោះនេះជារបស់កងយោធាអ៊ីរ៉ង់  ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )