កិច្ចព្រមព្រៀង CPTPP ចូលធរមានជាផ្លូវការនៅក្នុងប្រទេសវៀតណាម

AKP ភ្នំពេញ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩​ — កិច្ចព្រមព្រៀងទូលំទូលាយ និងរីកចម្រើនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) បានចូលជាធរមានជាផ្លូវការនៅក្នុងប្រទេសវៀតណាមកាលពីថ្ងៃទី១៤ ខែមករា ដោយវានឹងបើកឱកាសសម្រាប់ឧស្សាហកម្មជាច្រើនក្នុងការជំរុញការនាំចេញ ប៉ុន្តែវាក៏ជាបញ្ហាប្រឈមសម្រាប់អាជីវកម្មដែលតម្រូវឱ្យពួកគេបង្កើតយុទ្ធសាស្រ្តរយៈពេលវែង ដើម្បីបង្កើនការប្រកួតប្រជែងរបស់ពួកគេនៅក្នុងទីផ្សារសកលលោកផងដែរ។

ដោយមានប្រទេសជាសមាជិកចំនួន ១១ប្រទេសកិច្ចព្រមព្រៀង CPTPP មានចំនួន ១៣,៤ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក ហើយនឹងក្លាយជាប្លុកសេដ្ឋកិច្ចធំបំផុតទី ៣ នៅលើពិភពលោកផងដែរ បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាម៉េរិកខាងជើង (NAFTA) និងសហភាពអឺរ៉ុប (EU)។

ទាក់ទងនឹងការប្តេជ្ញាចិត្ត កិច្ចព្រមព្រៀង CPTPP ត្រូវបានវាយតម្លៃដោយអ្នកជំនាញថា ជាកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការឈានមុខគេនិងទូលំទូលាយបំផុតនាពេលបច្ចុប្បន្ននេះ។

លោក Le Dang Doanh សមាជិកនៃគណៈកម្មាធិការអង្គកាសហប្រជាជាតិសម្រាប់ការអភិវឌ្ឍគោលនយោបាយបាននិយាយថា កិច្ចព្រមព្រៀង CPTPP គឺជាជំហានថ្មីមួយសម្រាប់ប្រទេសវៀតណាមក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ។

ការចូលរួមក្នុងកិច្ចព្រមព្រៀងនេះ នឹងជួយឱ្យវៀតណាមមានទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម     ពហុភាគី និងជៀសវាងហានិភ័យពីការពឹងផ្អែកខ្លាំងពេកទៅលើទីផ្សារសំខាន់ៗមួយចំនួន។លោក Tran Quoc Khanh អនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបាននិយាយថា កិច្ចព្រមព្រៀង CPTPP នឹងបង្កើតឱកាសសម្រាប់ការនាំចេញផលិតផលឈើ និងកៅស៊ូ។

អនុប្រធានសមាគមស្បែក ស្បែកជើង និងកាបូបរបស់វៀតណាម (LEFASO) លោក Diep Thanh Kiet បាននិយាយថា កិច្ចព្រមព្រៀងនេះ ក៏ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មផ្សេងៗទៀតនៅជំនាន់ថ្មីនេះ នឹងមិនត្រឹមតែបង្កើតនូវផលប្រយោជន៍នៅក្នុងពន្ធនាំចេញនាំចូលនោះទេ ប៉ុន្តែវានឹងផ្តល់អត្ថប្រយោជន៍ដ៏ប្រសើរនៅក្នុងសេដ្ឋកិច្ចទូទៅរបស់វៀតណាម ជាពិសេសក្នុងឧស្សាហកម្មស្បែក និងស្បែកជើង ដោយជួយជំរុញកំណែទម្រង់ក្នុងការបង្កើនកិច្ចអភិវឌ្ឍន៍អាជីវកម្ម៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)